ខេត្តបន្ទាយមានជ័យ៖ ពិតជាសាហាវយង់ឃ្នងរកអ្វីប្រៀបមិនបាន កូនប្រុសចិត្តតិរច្ឆានម្នាក់ពេលក្រោកពីដេកឪពុកប្រើឱ្យបោសសំរាមបែរជាមិនធ្វើហើយតមាត់ នៅពេលគាត់ស្តីបន្ទោសបន្តិចបន្តួចបានទាញកាំបិតខ្វែវកាប់ឪពុកខ្លួនឯងចំក្បាលបណ្តាលឱ្យរបួសធ្ងន់កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ជនដៃដល់ជាកូនឈ្មោះ ហ៊ាវ ប៊ុនហួន ភេទប្រុស អាយុ២៥ឆ្នាំ ។
ចំណែកជនរងគ្រោះជាឪពុកឈ្មោះ ទឿ ហៀត អាយុ៥៣ឆ្នាំ ទាំង០២នាក់ រស់នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
នគរបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ក្រោយក្រោកពីដេកឈ្មោះ ទឿ ហៀត ជាឪពុក បានប្រើឈ្មោះហ៊ាវ ប៊ុនហួន ជាកូនឱ្យបោសសំរាមនៅជុំវិញផ្ទះ ប៉ុន្តែជនដៃដល់មិនធ្វើហើយបានតមាត់ជាមួយឪពុកថែមទៀត រហូតឈានដល់បង្កើតជាជម្លោះតឹងសរសៃកដាក់គ្នាទៅវិញទៅមក។
បន្ទាប់មកឈ្មោះ ហ៊ាវ ប៊ុនហួន ជាកូនបានស្ទុះទៅទាញកាំបិតខ្វែវកាប់ទៅលើឪពុកខ្លួនឯងត្រូវចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។
នគរបាលបានបញ្ជាក់ទៀតថា៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ វណ្ណា