ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា UN-OHCHR ។
សូមបញ្ជាក់ថា, នាថ្ងៃ អង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបជាមួយលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា UN-OHCHR ដើម្បីពិភាក្សាការងារលើរបៀបវារៈសំខាន់ៗ ដូចជា ការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បច្ចុប្បន្នភាពនៃការអនុវត្តច្បាប់និងសិទ្ធមនុស្សនៅកម្ពុជា ការវិវឌ្ឍនៃដំណើរការស៊ើបអង្កេត និងករណីសំណុំរឿងមួយចំនួននៅតុលាការដែលពាក់ព័ន្ធនឹងសកម្មជន។
ជំនួបពិភាក្សាការងាររវាងក្រសួងយុត្តិធម៌ និង UN-OHCHR នេះ បានប្រព្រឹត្តទៅជារៀងរាល់ខែ តាមការស្នើសុំរបស់ UN-OHCHR និងដោយមានការឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ និងការស្វែងយល់ស៊ីជម្រៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ចនិងស្ថាប័នតុលាការ បញ្ហាសិទ្ធិមនុស្ស និងកម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ៕
ដោយ ៖ សហការី