ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយ

ចែករំលែក៖

ភ្នំពេញ ៖  នៅថ្ងៃទី០៩ និង១០ ខែឧសភា​ ឆ្នាំ២០២៣  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិដល់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀត ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីសក្ខាកាមប្រមាណ ១៥០នាក់៖

លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ     ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ធ្វើទំនើបកម្មឌីជីថល ស្របតាមផែនការយុទ្ធសាស្រ្ត និងគោលនយោយបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហេតុដូចនេះហើយក្រសួងសុខាភិបាល បានចាប់ផ្តើមចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិចាប់តាំងពីឆ្នាំ២០១៩ និងបានកែសម្រួលលើប្រព័ន្ធនេះជាបន្តបន្ទាប់ ហើយវគ្គបណ្តុះបណ្តាលនេះផងដែរ ពិតជាផ្ដល់សារៈសំខាន់ជាខ្លាំងក្នុងការ បង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តការងារពាក់ព័ន្ធការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងៗទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិនេះឲ្យបានកាន់តែពេញលេញល្អប្រសើរឡើយ ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា ការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ អាចផ្តល់សេវាជូន បានឆាប់រហ័ស បង្កលក្ខណៈងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ (Hard Copy) ដែលអាចកាត់បន្ថយបានទាំងថវិកា និងពេលវេលាផងដែរ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោយវគ្គបណ្តុះបណ្តាលនេះចប់ ប្រព័ន្ធបញ្ជរតែមួយជាតិនឹងត្រូវបានប្រើប្រាស់កាន់តែពេញលេញចាប់ពីពេលនេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖