ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាប្រទេសG7នឹងប្រជុំពង្រឹងប្រព័ន្ធធនាគារពិភពលោក

ចែករំលែក៖

មេដឹកនាំក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នឹងពិភាក្សាគ្នាក្នុងសប្តាហ៍នេះ អំពីវិធីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុសកល ខណៈដែលការដួលរលំរបស់ធនាគារអាមេរិកនាពេលថ្មីៗនេះ នាំមកនូវហានិភ័យ ចំពោះដំណើរការធនាគារឌីជីថល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ របស់ប្រទេស G7 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែឧសភា នៅទីក្រុងនីអុីហ្កាតា ប្រទេសជប៉ុនបានថ្លែងថា «បរិយាកាសជុំវិញហិរញ្ញវត្ថុបានផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងការលេចឡើងនូវធនាគារតាមបណ្តាញទំនាក់ទំនងសង្គមនិងតាមអុីនធើណិត»។
លោកបានមានប្រសាសន៍ថា «ការឆ្លើយតបទៅនឹងការផ្លាស់ប្តូរបែបនេះ បានក្លាយទៅជាបញ្ហាប្រឈមរួមគ្នាសម្រាប់ប្រទេសនានា ជុំវិញពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ»។ លោកបានបន្ថែមថា ប្រធានបទនៅក្នុងកិច្ចប្រជុំ G7 នៅសប្តាហ៍នេះនឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើនដែលត្រូវពិភាក្សា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របាន
រាយការណ៍ដោយដកស្រង់សម្ដីលោក Masato Kanda ដែលមន្ត្រីការទូតផ្នែកហិរញ្ញវត្ថុកំពូលមួយរួបមកពីប្រទេសជប៉ុន ខណៈថែ្លងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 ក៏អាចពិភាក្សាអំពីបញ្ហាពិតានបំណុលរបស់សហរដ្ឋអាមេរិក និងជំហាននានា ដើម្បីទប់ស្កាត់រុស្ស៊ីពីការគេចវេះការដាក់ទណ្ឌកម្មផងដែរ។
លោក Kanda បានថ្លែងថា ប្រទេសជប៉ុននឹងអញ្ជើញរដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់អ៊ុយក្រែនឱ្យចូលរួមក្នុងវគ្គប្រជុំមួយ នៅថ្ងៃព្រហស្បតិ៍ដែលនឹងពិភាក្សាអំពីជំនួយដល់ប្រទេសដែលរងគ្រោះដោយសង្គ្រាមនេះ។
ការដួលរលំធនាគារ First Republic Bank នាពេលថ្មីៗនេះ បានធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីវិស័យធនាគាររបស់សហរដ្ឋអាមេរិក ហើយបានលើកឡើងពីការអំពាវនាវឱ្យនិយតករត្រួតពិនិត្យជាសកល កាន់តែប្រសើរឡើងទៅលើហានិភ័យថ្មីៗ ដូចជាការដំណើរការធនាគារឌីជីថលជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖