ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ ខ្មាន់កាំភ្លើងម្នាក់ជិះរថយន្តចូលបាញ់ប្ដីប្រពន្ធមួយគូដល់ក្នុងផ្ទះនៅស្រុកជើងព្រៃបណ្ដាលឱ្យប្រពន្ធស្លាប់និងប្ដីរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធត្រូវបានខ្មាន់កាំភ្លើងម្នាក់ចូលបាញ់ប្រហារដល់ក្នុងផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យស្ត្រីជាភរិយាស្លាប់ភ្លាមៗ ខណៈដែលប្ដីរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

    សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដើមឡើយគេឃើញជនសង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ។ ក្រោយមកស្រាប់តែឮស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះ បានបណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់ និងបុរសជាប្ដីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែក ខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។

   បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាននិងកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវតាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖