ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋលក់បាយនិង កាហ្វេមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះក្នុងបន្ទប់គេងជាន់ទី១យ៉ាងសន្ធោសន្ធៅ ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចផ្ទះលក់បាយនិងកាហ្វេមួយកន្លែង តាមបណ្តោយផ្លូវទួលពង្រ ក្នុងបុរីឡុងនី សង្កាត់ចោមចៅទី១ ខណកឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្ត្រីដែលជាម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ មានបញ្ហាទុស្សេខ្សែភ្លើងនៅបន្ទប់គេងជានទី១ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈនោះម្ចាស់ផ្ទះនិងប្រជាពលរដ្ឋដែលជាអ្នកជិតខាងបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក ទើបធ្វើឱ្យពួកគាត់គ្រប់គ្រងលែងបាន មានតែប្រមូលសម្ភារៈមានតម្លៃ និងបំពង់ហ្គាស ចេញពីកន្លែងកើតហេតុ រួចរាយការណ៍ទៅកាន់កម្លាំងបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ ដើម្បីចេញជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចេញមកធ្វើអន្តរាគមន៍និងជួយបាញ់ពន្លត់ភ្លាមៗ ជៀសវាងការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
នៅក្នុងរង្វង់នៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន៤គ្រឿង ក្នុងនោះមានរថយន្តជំនួយរបស់សួនឧស្សាហកម្មកាណាឌីយ៉ា ១គ្រឿង រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង និងរថយន្តរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង ហើយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់បាញ់ពន្លត់អស់២រថយន្តទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ ដោយបានបំផ្លាញ សម្លៀកបំពាក់ តុ ទូ កៅអី ពួក និង សម្ភារៈមួយចំនួនទៀតនៅក្នុងបន្ទប់ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ៕
ដោយ ៖ រ៉ារ៉ា