ខេត្តបាត់ដំបង ៖ បុរស០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃ ១១ ឧសភា ក្រោយពីជាប់សង្ស័យថា ជនទាំង០២នាក់បានធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីនគរបាលម្នាក់ ចូលលួចយកគ្រឿងអលង្ការ និងលុយកាក់អស់គ្មានសល់ កាលពីជាង១០ថ្ងៃមុន នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខណៈម្ចាស់មិនបានស្នាក់នៅ។
អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ វ៉ាន់ សំណាង អាយុ២២ឆ្នាំ (ក្មួយម្ចាស់ផ្ទះ) និង ម្នាក់ទៀតឈ្មោះ សែន សុផុន អាយុ៣៣ឆ្នាំ ពួកគេរស់នៅក្បែរផ្ទះជនរងគ្រោះខាងលើនេះ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹក សុជាតា ភេទស្រីអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលនៅអធិការស្រុកសំពៅលូន។
សូមបញ្ជាក់ថា បើតាមរបាយការណ៍សមត្ថកិច្ច ករណីគាស់ទម្លុះទម្លាយលំនៅឋានខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៨ មេសា នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ផ្ទះឈ្មោះ ញឹក សុជាតា ស្រីអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាល ។ អំពើចោរកម្មនេះ បានបង្កឡើងដោយជនមិនស្គាល់មុខ ដែលពួកគេបានធ្វើសកម្មភាព នៅពេលម្ចាស់ផ្ទះបិទទ្វារចាក់សោទុកចោល រួចចេញទៅបាត់ដំបង រហូតត្រឡប់មកពីបាត់ដំបងវិញ ទើបបានដឹងថា មានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិអស់គ្មានសល់៕
ដោយ៖ សូរិយា