ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូZOOMERបុកម៉ូតូសណ្ដោងរ៉ឺម៉ករបួសធ្ងន់៣នាក់នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូZOOMERបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញមួយទំហឹង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៤០នាទី នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែតលេខ១៧ -១៨ សិត្ថនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ម៉ូតូបង្កម៉ាកHONDA DREAM ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AD-9531 ប្រភេទម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរដោយឈ្មោះ ហុង ភេទប្រុស អាយុ២២ឆ្នាំ  មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ (របួសធ្ងន់)។ ចំណែកភាគីរងគ្រោះម្ខាងទៀតមិនទាន់ស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាកHonda zoomerx ពណ៌ស ប្រភេទស្រី ផ្លាកលេខភ្នំពេញ 1FJ-8107 (របួសធ្ងន់)និងមានអ្នករួមដំណើរម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(របួសធ្ងន់)។

     ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើគេបានឃើញម៉ូតូមួយគ្រឿងម៉ាក Honda zoomerx ជិះគ្នា២នាក់ បើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA DREAM ដែលបើកបរមានទិសដៅផ្ទុយគ្នា(អ្នកលឿងភ្នំពេញបញ្រ្ចាសទិសឆ្លងផ្លូវ)ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលអោយអ្នកជិះម៉ូតូទាំង០២នាក់ និងអ្នកបើកបរម៉ូតូសណ្តោងរុឺម៉កម្នាក់រងរបួសធ្ងន់។

    ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ ត្រូវគ្រួសារយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ  រីឯមធ្យោបាយ២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀស្វាយ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖