ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអ៊ីតាលីបើកហាងលក់ស្រាបៀរ និងភីហ្សា ផឹកខ្លួនឯងរហូតដល់គាំងបេះដូងស្លាប់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែងតាមបណ្តោយវិថីបុរីសេតេ ស្ថិតក្នុងក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុមានករណីបុរសម្នាក់គាំងបេះដូងស្លាប់នៅក្នុងហាងលក់ស្រាបៀរ និងនំភីហ្សាដែលមានទីតាំងខាងលើនេះ។

តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាលីយូនី ហ្វារីយ៉ូកូ( ALYONIFABRIYOKO) ភេទប្រុស អាយុ៤៨ឆ្នាំជាជនជាតិ អ៊ីតាលី មុខរបរបើកហាងលក់ស្រាបៀរ និងនំភីហ្សានៅទីតាំងខាងលើ កាន់លិខិតឆ្លងដែនលេខ YB០១៥៩៩៣៤មានសុពលភាពដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៧ និងទិដ្ឋាកាលេខ EI_០១០៩១៥៧៥ មានសុពលភាពដល់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧។

បើតាមការរៀបរាប់របស់ស្ត្រីជនជាតិខ្មែរ ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុប្តីរបស់គាត់លក់ស្រាបៀរឲ្យភ្ញៀវជាធម្មតា ហើយរូបគាត់ ក៏អង្គុយផឹកស្រាបៀរដូចជាភ្ញៀវដទៃ ដែលកំពុងតែអង្គុយផឹកនៅក្នុងហាងរបស់ខ្លួន។ លុះដល់ពាក់កណ្តាលអធ្រាត្រ រូបនាងជាប្រពន្ធ ក៏ចូលទៅសម្រាកក្នុងបន្ទប់មុន។ លុះព្រលឹមឡើង ខណ:នាងជាប្រពន្ធចេញពីបន្ទប់មកបើកទ្វារហាង ក៏ប្រទះឃើញប្តីរបស់ខ្លួនដេកស្លាប់នៅលើឥដ្ឋក្បែរតុ ដែលគាត់បានអង្គុយផឹកស្រាបៀរនៅក្នុងហាងនាពេលព្រលប់កន្លងមកនេះ ហើយក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានខាងលើ។

NKD-36x6_outline

ឆ្លងតាមការធ្វើកោសល្យវិច័យ របស់នគរបាលការិយាល័យបច្ចេកទេសពិនិត្យសាសពនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងលោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោតិអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង មិនមែនជាករណីឃាតកម្មទេ។

ក្រោយពិនិត្យរួចសាកសពជនរងគ្រោះ បានយកទៅរក្សាទុកនៅសាលតំកល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីស្ថានទូតប្រទេសអ៊ីតាលីនិងក្រុមគ្រួសារសព៕ ឆ្លាម សមុទ្រ