ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ ផឹកស្រាខ្លាំងពេក គាំងបេះដូងស្លាប់ ក្នុងបន្ទប់សណ្ឋាគារយីហោ អង្គរជាតិ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បានបង្កើតគណៈកម្មការត្រួតពិនិត្យមើលសណ្ឋាគារយីហោ អង្គរជាតិ ក្រោយទទួលដំណឹងមានករណីស្ត្រីជនជាតិអូស្ត្រាលីម្នាក់ បានដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារយីហោ អង្គរជាតិ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីតាំងលេខ៣៨និង៥០ផ្លូវលេខ១៨៤ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

សពស្រ្តីជនបរទេសនោះមាន ឈ្មោះ Taylor Chille Mae អាយុ៤៥ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិឆ្លងដែនលេខPa៧៦១០៧៦៧ ស្នាក់នៅបន្ទប់លេខ៣១៦ ជាន់ទី៣ នៃសណ្ឋាគារកើតហេតុ មូលហេតុដោយសារឈ្លោះប្រកែកជាមួយប្តី បានសម្រេចចិត្តទិញស្រាផឹករហូតបណ្ដាលឲ្យជំងឺលើសឈាមរើឡើងគាំងបេះដូងតែម្តង ។

យោងតាមការបំភ្លឺពីបុរសជាប្តីស្រ្តីរងគ្រោះ ឈ្មោះ Priyouich David Goran បានឲ្យដឹងថា រូបគាត់និងប្រពន្ធ បានចូលមកស្នាក់នៅសណ្ឋាគារខាងលើ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ ពេលកំពុងស្នាក់នៅ គាត់និងប្រពន្ធបានឈ្លោះប្រកែកពាក្យសំដីជាមួយគ្នារហូតទៅដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០យប់ ខ្លួនបានទៅជួលបន្ទប់មួយផ្សេងទៀតលេខ៣១៦ ជាន់ទី៣ ស្នាក់នៅតែម្នាក់ឯង ។ ប៉ុន្តែមិនទាន់បានសម្រាកផង រូបគាត់បានដើរចេញទៅផឹកស៊ីខាងក្រៅបាត់ រហូតដល់ម៉ោងប្រហែល៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ទើបគាត់ត្រឡប់មកបន្ទប់វិញ បានប្រហែលជា៥នាទីក្រោយមករូបគាត់ក៏បានឡើងទៅបន្ទប់លេខ ៥០៧ ជាន់ទី ៥ ឃើញជំហរទ្វារ ក៏ដើរចូលទៅឃើញប្រពន្ធរបស់គាត់កំពុងអង្គុយផឹកស្រាបៀរតែម្នាក់ឯង ពេលនោះគាត់ក៏បានគ្រាប្រពន្ធជិះជណ្ដើរយន្តចុះមកដេកបន្ទប់លេខ ៣១៦ ជាន់ទី៣ ជាមួយគាត់វិញ ។

ប្រភពដដែលបន្តថា លុះដល់ម៉ោងប្រហែល៩និង៣០នាទីព្រឹកថ្ងៃដដែល ពេលរូបគាត់(ជាប្តី)បានក្រោកពីដំណេកវិញបានដាស់ប្រពន្ធជាច្រើនដងតែមិនងើប ភ្លាមនោះក៏យកដៃទៅស្ទាបជីបចរបំពង់ករបស់ប្រពន្ធឃើញថា គាត់ដេកដកដង្ហើមរៀងងស្ទះៗ គាត់ក៏រត់ចុះទៅខាងក្រោមប្រាប់អ្នកបុគ្គលិកទទួលភ្ញៀវឲ្យហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត ហើយពេលក្រុមគ្រូពេទ្យមកដល់បានប្រាប់ថា ប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងដោយឆ្លងតាមការពិនិត្យគ្រូពេទ្យកោសលវិច័យនិងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺលើសឈាម ប្រាកដមែន ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត ៕ស តារា


ចែករំលែក៖