ទីក្រុងវ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ក្រុមមន្ត្រីអាមេរិក នៅថ្ងៃសៅរ៍ ទី៣ ខែមករា បានឱ្យដឹងថាលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូផងដែរ បន្ទាប់ពីបើកការវាយប្រហារយោធាដ៏ភ្ញាក់ផ្អើលមួយលើរដ្ឋធានីការ៉ាកាស និងរដ្ឋជាច្រើនផ្សេងទៀតរបស់វ៉េណេស៊ុយអេឡា។
Reuters ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអាមេរិក CBS បានបន្ថែមទៀតថាកងកម្លាំងពិសេស Delta Force របស់កងទ័ពអាមេរិកគឺជាអង្គភាពមួយដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ។ នៅថ្ងៃសៅរ៍នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។
លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះ ចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។ លោក ត្រាំក៏បាន ប្រកាសដែរថារូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនធ្លាប់បានធ្វើអន្តរាគមន៍យោធាទ្រង់ទ្រាយធំដោយផ្ទាល់របៀបនេះនោះទេនៅក្នុងតំបន់អាមេរិកឡាទីន ចាប់តាំងពីការឈ្លានពានប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៨៩ ដើម្បីបណ្ដេញ មេដឹកនាំយោធា លោក Manuel Noriega ចេញពីអំណាច។ ភ្លាមៗ ខាងវ៉េណេស៊ុយអេឡាមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងការអះអាងរបស់លោក ត្រាំ ហើយគេក៏មិនទាន់ដឹងថា តើនរណាកំពុងដឹកនាំវ៉េណេស៊ុយអេឡា ឬក៏ថាតើលោក ម៉ាឌូរ៉ូ ក្នុងពេលនេះកំពុងស្ថិតនៅទីណានោះដែរ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច