ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យអាគារសិក្សានៃអនុវិទ្យាល័យបឹងកុករួចមក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម ។

នៅក្នងកិច្ចប្រជុំពិភាក្សាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកយកផ្លូវពីធនាគារពិភព លោកប្រគល់មកអោយអាជ្ញាធរខេត្តកំពង់ចាមកសាងដែលប្រវែង២០គីឡូម៉ែត្រនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រុមជំនាញនឹងចុះសិក្សាជាបន្ទាន់ដើម្បីកំណត់ថាត្រូវចាក់បេតុងឬប្រើកៅស៊ូប។ ហើយ ត្រូវធ្វើជូនប្រជាពលរដ្ឋប្រើប្រាស់អោយហើយមុនពេលបោះឆ្នោត។ នេះជាដំណោះស្រាយដែលសម្តេច តេជោបានឆ្លើយតបទៅនឹង Comment ស្នើសុំរបស់ក្មួយ LE Moon ដែលបានផ្ញើចូលមក Facebook សម្ដេចតេជោ។ កន្លងមកការកសាងផ្លូវនេះគឺស្ថិតនៅក្នុងគំរោងរបស់ធនាគារពិភពលោក ប៉ុន្តែការកសាងពេលនេះគឺនឹងប្រើប្រាស់ថវិកាជាតិតែម្ដង។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ បានសម្រេចអោយ ចេញ (សជណ) កាត់ដីដែលចេញពីសារពើពន្ធរបស់រដ្ឋចំនួន០៣កន្លែងក្នុងខេត្តកំពង់ចាមជូនប្រជាពលរដ្ឋដែលធ្លាប់បានរស់ទីនេះយូរមកហើយ ទី១គឺដីឃ្លាំងពាណិជ្ជកម្មស្រុកចំការលើ នឹងកាត់ជូនប្រជាពលរដ្ឋចំនួន៦២គ្រួសារ ទី២ដីឃ្លាំងស្រុកស្រីសន្ធរ គឺកាត់ជូនប្រជាជនចំនួន០២គ្រួសារ និងទី៣ ដីអតីតមណ្ឌលយុទ្ធជនពិការមន្ទីរសង្គមកិច្ចគឺកាត់ជូនប្រជាជនចំនួន២៩គ្រួសារ។ សម្ដេចតេជោ បានបញ្ជាក់ច្បាស់ប្រាប់អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធគឺត្រូវសហការគ្នាធ្វើការងារនេះ ព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធជូនពួកគាត់ពួកគាត់អោយបានលឿនបំផុត។ នេះជាដំណោះស្រាយភ្លាមៗមិនចាំយូរដែលប្រជាពលរដ្ឋលោកចង់បាន។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងផ្សារគឺអាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំផ្សាដែលទើបសម្រេចចេញថ្មីៗអោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះចែកជូន អាជីវករតាមផ្សារនិមួយៗអោយបានដឹងជ្រួតជ្រាបគ្រប់គ្នា។

សម្តេចតេជោ ក៏បានរំលឹកផងដែរដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបបទល្មើសផ្សេងៗ និងការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈរួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋភាពបំផុត។ មន្ត្រីត្រូវគិតថាខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា ។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធអោយមានប្រសិទ្ឋភាពខ្ពស់ ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារតំបន់ការពារនិងតំបន់អភិរក្សរួមមានដូចជាវត្តអង្គរ វត្តទឹកឆា ភ្នំហាន់ជ័យជាដើម ជាពិសេសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានលឿនបំផុត ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរផងដែរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៌កំពង់ចាមអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិដោយសុទ្ឋចិត្ត៕

2 4 3


ចែករំលែក៖