ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុពន្យល់សាច់ ញាតិជនរងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍កណ្ដាលដងផ្លូវដែលម៉ូតូផ្លោងចម្ងាយ២១ម៉ែត្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ របាយការណ៍ស្តីពីលទ្ធផល ការពន្យល់បន្ថែមជូនគ្រួសាររងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបណ្តាលអោយស្លាប់នៅនឹងកន្លែង ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ម៉ោង០៤និង៥០នាទី លើវិថីសែនជ័យ ត្រង់ចំណុចជិតស្ថានីយ៍ប្រេងPTT ផ្លូវទៅវត្ដអូរត្រេះ ភូមិ៦ សង្កាត់លេខ ៤ ក្រុង-ខេត្ដព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (បង្កដោយខ្លួនឯង) ម៉ូតូ០១គ្រឿងម៉ាក Smash-V ពណ៍ខ្មៅ ពាក់ស្លាកលេខ 2AK-2276 បើកបរដោយឈ្មោះ ជន សុភ័ក្រ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុម៉ូតូបានរេចង្កូតដួលនៅខាងស្ដាំដៃ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់សា្លប់ភ្លាមៗនៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។ 

ក្រោយហេតុការណ៍ ក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ដ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ពួកគេបានដាក់ ពាក្យប្ដឹងមកកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ សុំបើកការស៊ើបអង្កេតស្រាវជ្រាវ ករណីស្លាប់របស់ស្ដ្រីឈ្មោះ ជន សុភ័ក្ដ្រ ដោយបានលើកឡើងថា សង្ស័យគ្រោះថ្នាក់ម៉ូតូបុកបង្គោលភ្លើង និងករណីរថយន្ដបុកបង្គោលភ្លើងនៅក្បែរសណ្ឋាគារKompong Deva គឺជារឿងតែមួយ ។ 

ពេលទទួលបានបណ្ដឹងនេះភ្លាម លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធបើកការស្រាវជ្រាវជាបន្ទាន់ ក្នុងនោះមានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ដ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការដឹកនាំដោយផ្ទាល់ពី លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដំណើរការនីតិវិធីនេះយ៉ាងយកចិត្ដទុកដាក់ ។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ផែនការងារនគបាលព្រហ្មទណ្ឌបានអញ្ជើញម្ចាស់បណ្តឹង នឹងសាច់ញ្ញាតិមកប្រាប់ពីលទ្ធភាពនៃការស្រាជ្រាវស៊ើបអង្កេត រួចរាល់ហើយ ។ ស្រាប់តែនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ម៉ោង២០និង២៣នាទី មានគណនីហ្វេសប៊ុកឈ្មោះ ជន សុភាព បានបង្ហោះ ដោយលើកឡើងថា សូមបងអូនទាំងអស់នៅក្នុងសង្គមនេះ ដែរអាចមានចំណេះដឹងជាងខ្ញុំ សូមជួយវិភាគឬផ្តល់ជាយោលបល់បន្តិចនៅចំណុចដែរខ្ញុំឆ្ងល់នឹងមិនយល់ថាជាមូលហេតុអ្វីអោយប្រាកដ?

១.បើមនុស្សគ្រោះថ្នាក់ចរណ៍ដោយខ្លួនឯងមែនមិចក៏សាភាពម៉ូតូ និងរបស់របរនៅឆ្ងាយពីគ្នាដល់ទៅ២១ ម៉ែត្រម្ល៉េះ?

២.កាំមេរ៉ាសុវត្ថិភាពនៅតាមផ្លូវមែន ហេតុអីមានតែខ្សែតភ្ជាប់ តែមិនអាច record បានចឹង? ចឹងដាក់កាំមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងគោលបំណងអ្វីទៅ?

៣.ហេតុអ្វីកន្លែងកើតហេតុ មានស្នាមកង់ ស្នាមកំទេចឡាន របស់របរមួយចំនួន ដែលខ្ញុំជាប្អូនស្រីរបស់ជនរង គ្រោះមិនអស់ចិត្ត?

៤.ហេតុអីក៏និយាយថា មនុស្សស្លាប់ហើយ នៅតែស្នើសុំកាំមេរ៉ាធ្វើអ្វី? ខ្ញុំសួរវិញថា ប្រសិនជា ជនរងគ្រោះនោះជាសាច់ញាតិរបស់អ្នកវិញ តើអ្នកនឹងនិយាយបែបនេះទេ?

សូមមេត្តាយល់ពីអារម្មណ៍ខ្ញុំដែលបាត់បង់សាច់ញាតិផង ចឹងមានតែសុំអោយបងប្អូនក្នុងសង្គមមួយនេះ ជួយរកយុត្តិធម៌អោយគ្រួសារខ្ញុំផង ឬផ្តល់ជាយោបល់ដល់ខ្ញុំផង។ ហេតុអីនៅពេលកើតហេតុ បងស្រីខ្ញុំអត់មានការ វាស់វែងឆ្ងល់?

បញ្ជាក់ ខ្ញុំមិនមែនសមត្ថកិច្ចហើយក៏មិនបានសន្និដ្ឋានថានរណាម្នាក់ជាអ្នកបង្កឬឧបទ្ទវហេតុខ្លួនឯងនោះទេគ្រាន់តែជាការឆ្ងល់របស់ខ្ញុំ ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង១៥ និង៣០ នាទី សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ដ ដឹក នាំដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានហៅភាគីដើមបណ្ដឹង និងសាច់ញាតិ រួមទាំងអ្នកសារព័ត៌មាន ចូលរួមស្ដាប់ការបំភ្លឺ និងពន្យល់បន្ថែមអំពីលទ្ធផលនៃការស្រាវជ្រាវជុំវិញបណ្ដឹង និងការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ។ 

មន្ដ្រីជំនាញពាក់ព័ន្ធ បានបង្ហាញនិងពន្យល់អំពីលទ្ធផលនៃការស្រាវជ្រាវតាមជំនាញ ថែមទាំងបង្ហាញGPS រថយន្ដAUDI Q7 ជូនអ្នកចូលរួមស្ដាប់ និងមើល ជាលទ្ធផល៖

១-ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដ មិនស្ថិតក្នុងហេតុការណ៍តែមួយទេ គឺហេតុការណ៍ពីរផ្សេង គ្នាគឺគោលដៅ ពេលវេលា និងកន្លែងកើតហេតុខុសគ្នា (ឆ្ងាយពីគ្នាជាង២.០០០ម៉ែត្រ) ។

២-សម្ភារៈវត្ថុតាងចាប់យកបាននៅកន្លែងកើតហេតុ គឺ ជាបំណែកជ័ររបស់ម៉ូតូជនរងគ្រោះ ។ គ្មានបំណែករថយន្ដAUDI Q7 នៅកន្លែងកើតហេតុម៉ូតូ ។

៣-នៅថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៣ ម៉ោង២១ និង០០ នាទី ស្ដ្រីឈ្មោះ ជន សុភ័ក្រ ផឹកស្រាបៀរ បានជួបជុំផឹក ស៊ីច្រៀងរាំជាមួយសាច់ញាតិ និងក្រុមគ្រួសារនៅភូមិអុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ រហូតដល់ម៉ោងប្រហែលជាង២ជិតភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៣ ទើបបែកផ្លូវគ្នាទៅដេករៀងៗខ្លួន ។ ស្រ្ដីឈ្មោះ ជន សុភ័ក្រ ផឹកស្រាបៀរAnchor អស់៦ ទៅ៧កំប៉ុង និងអត់ងងុយ ទើបបើកបរម៉ូតូម្នាក់ឯង មកគ្រោះថ្នាក់នៅចំណុចកើតហេតុខាងលើស្លាប់នៅនឹងកន្លែង ។

៤-សាក្សីកន្លែងកើតហេតុបានឮសូរសម្លេងប្រាវ និងឆ្កែព្រុស ថែមទាំងឃើញស្ដ្រីម្នាក់ដួលម៉ូតូក្បែរបង្គោលភ្លើង បំភ្លឺផ្លូវ ដោយស្ដ្រីនោះដួលផ្កាប់មុខ ហើយពុំឃើញមានអ្វីផ្សេងទេ ។ 

៥-ការស្លាប់របស់ជនរងគ្រោះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបុកបង្គោលភ្លើងស្លាប់(បង្កដោយខ្លួន ឯង គ្មានពាក់មួកសវត្ថិភាព) ។ គ្មានតម្រុយនៃបទល្មើសផ្សេងទេ ។

៦-នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញជំនាញស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានបញ្ជូនសំណុំរឿងនេះ ទៅបន្ដនីតិវិធីនៅអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ។ 

មតិចូលរួមរបស់សាមីបណ្ដឹង និងសាច់ញាតិជនរង គ្រោះ ទទួលស្គាល់ពីលទ្ធផលនៃការស្រាវជ្រាវដូចជំនាញបានពន្យល់ ដោយបានយល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍របស់ជនរងគ្រោះ ឈ្មោះ ជន សុភ័ក្រ មិនពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដAUDI Q7 គឺមានន័យថា រថយន្ដAUDI Q7 មិនបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះទេ ។ តែពួកគាត់នៅតែមិនអស់ចិត្ដ បានលើកឡើងដាក់ការសង្ស័យថ្មីថាអាចមានរថយន្ដផ្សេង បើកបុកប៉ះបណ្ដាលឲ្យឈ្មោះ ជន សុភ័ក្រ ស្លាប់ ហើយគាត់បន្ថែមទៀតថាបើគាត់មានភស្តុតាងថ្មីនឹងយកមកប្រាប់ទៀត ៕

ដោយ៖ សូរិយា


ចែករំលែក៖