ភ្នំពេញ ៖ ភាពជោគជ័យ និងភាពល្បីល្បាញឮសាយខ្ទរខ្ទារពេញពិភពលោក នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ។ នេះជាលើកឡើង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី បានបន្តថា, កម្ពុជាពិតជាមានមោទនភាពចំពោះការបង្ហាញទស្សនីយភាពដ៏ស្រស់បំព្រងអស្ចារ្យ និងរស់រវើកប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ហើយទទួលបានការកោតសរសើរ និងទទួលបានកិត្តិនាមល្បីរន្ទឺខ្ទរខ្ទារពាសពេញពិភពលោក។ ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំពិតជាសូមកោតសរសើរក្រុមការងារ លោកគ្រូ អ្នកគ្រូ ក្រុមសម្តែង សិល្បករ សិល្បការិនី អត្តពលិក កងកម្លាំង សិស្ស និស្សិត យុវជន យុវនារី កុមារា កុមារី ក្រុមការងារបច្ចេកទេស និងអ្នកដែលបានចូលរួមប្រឹងប្រែងទាំងអស់គ្នាអស់ពីកម្លាំងកាយចិត្ត ហើយបានប្រគល់ថាមពលគ្រប់យ៉ាងជូនដល់ជាតិ មាតុភូមិរបស់យើង ទាំងក្នុងពិធីបើក ទាំងក្នុងពិធីបិទ រួមជាមួយព្រឹត្តិការណ៍អមនានា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ដែលទិដ្ឋភាពទាំងអស់នេះ ជាកត្តាលិករដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បាន ក៏ដូចជាជាកត្តាចម្បងមួយដែលនាំឲ្យព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិនេះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរក្រៃលែង។
ប្រជាជនកម្ពុជា និងទូទាំងពិភពលោក បានទទួលស្គាល់ថា ក្រុមសិល្បៈ និងទស្សនីយភាពនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ទាំងពិធីបើក និងទាំងពិធីបិទបានធ្វើឲ្យបេះដូងរបស់ប្រជាជនកម្ពុជាលោតក្នុងចង្វាក់តែមួយ ពោរពេញទៅដោយក្តីស្រឡាញ់ ក្តីរំភើប ស្នាមញញឹម ជាមួយមោទនភាពស្របពេលជាមួយគ្នា។ ស្មារតីនៃភាពជាម្ចាស់ផ្ទះប្រកបដ៏ស្ញប់ស្ញែងទាំងអស់នេះបង្កើតបានជាប្រវត្តិសាស្ត្រថ្មីនៃសម័យកាលដ៏រុងរឿងមួយ ជាមួយការបង្ហាញនូវសក្តានុពល និងថាមពលដ៌អង់អាចរបស់ប្រជាជាតិកម្ពុជា ៕
ដោយ ៖ សហការី