ព័ត៌មានទាន់ហេតុការណ៍៖

Man City ប៉ះ Inter Milan វគ្គផ្តាច់ព្រ័ត្រនៅ Champions Leagueក្រោយផ្តួល Real Madrid ៤ទល់០

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានបង្ហាញទម្រង់លេងឥតឈប់ឈរជាមួយនឹងគុណភាពដ៏អស្ចារ្យដើម្បីយកឈ្នះក្រុម Real Madrid និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Inter Milan ក្នុងទីក្រុង Istanbul ក្នុងលទ្ធផល៤ទល់០ សរុបទាំង២ជើង៥ទល់១។ Man City បានចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីលើកមុនក្រោមស្នាដៃក្រុម Real Madrid ប៉ុន្តែពួកគេមិនមានកំហុសនៅពេលនេះ នៅឯកីឡដ្ឋាន Etihad នោះទេ ដោយពេលនេះឈរមួយជំហានទៀតពីការដណ្តើមយកពានរង្វាន់ដែលតែងតែនៅឆ្ងាយពីក្រុមរបស់លោក Pep Guardiola ។

ការបង្ហាញទម្រង់លេងរបស់ក្រុម Man City នៅក្នុងតង់ទី១ ធ្វើបានល្អដោយរកបាន២គ្រាប់នាំមុខ ជាពិសេសគឺការលេងដោយទំនុកចិត្តក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Guardiola។ ការប្រកួតបានឆ្ពោះទៅរកពានរង្វាន់៣គឺក្របខ័ណ្ឌ Champions League ក្របខ័ណ្ឌ Premier League ដែលអាចឈ្នះជាមួយនឹងជ័យជម្នះនៅផ្ទះ Chelsea នៅថ្ងៃអាទិត្យ និងពានរង្វាន់ FA Cup ដែលពួកគេប្រកួតជាមួយក្រុម Manchester United នៅវគ្គផ្តាច់ព្រ័ត្រនៅ Wembley ។

អ្នកចាំទី Thibaut Courtois របស់ Real Madrid បានសង្គ្រោះការតែតបាល់បញ្ចូលទីរបស់ Erling Haaland ចំនួន២គ្រាប់នៅដើមតង់ទី១ ប៉ុន្តែគាត់មិនអាចរារាំងក្នុងការបញ្ឈប់ការស៊ុតបាល់បញ្ចូលទីរបស់ Bernardo Silva នៅនាទីទី២៣ ហើយខ្សែបម្រើព័រទុយហ្គាល់បានស៊ុតបាល់បញ្ចូលទីរូបនេះរកបានគ្រាប់ទី២នៅនាទីទី៣៧តង់ទី១។

Man City បានប្រឈមមុខនឹងការគម្រាមកំហែងពី Real Madridម្តងម្កាល ក្នុងតង់ទី២ ត្រូវបា​នអ្នកចាំទី Ederson ជួយសង្គ្រោះបានយ៉ាងល្អពីការស៊ុតចំគោលដៅរបស់ David Alaba និង Karim Benzema។ ប៉ុន្តែ Man City នៅតែបន្តនាំមុខ១គ្រាប់ទៀតពីការតែតបាល់របស់ Manuel Akanji នៅនាទីទី៧៦។

កីឡាករបម្រុង Julian Alvarez រកបានគ្រាប់បាល់ទី៤ឲ្យ Man City បន្ទាប់ពីការបញ្ជូនបាល់របស់ Phil Foden ដ៏អស្ចារ្យ។ Man City បានបង្ហាញទម្រង់លេង​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ក្លាយ​ជា​ក្លិប​អង់គ្លេស​ទី​២​ដែល​ឈ្នះ​ពាន​រង្វាន់ទាំងក្នុងស្រុក និង Champions League ដែល​ដំបូងធ្លាប់ធ្វើបាន​ដោយ Manchester United ក្នុង​ឆ្នាំ១៩៩៩។

Man City បានឡើងឈរកំពូលតារាងលើក្រុម Arsenal ក្នុងការប្រជែងដណ្តើមពាន Premier League ហើយនឹងក្លាយជាក្រុមដែលមានក្តីសង្ឃឹមច្រើនលើសលប់ដើម្បីផ្តួល Inter Milan ទោះបីជាការចង់រក្សាភាពអស្ចារ្យនេះសម្រាប់ខ្លួននឹងផ្តល់ថាមពល និងការលើកទឹកចិត្តសម្រាប់ជួបជាមួយMan United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅ Wembley ក៏ដោយ។

Manchester City នឹង​ប្រកួត​ជាមួយ Inter Milan វគ្គផ្តាច់ព្រ័ត្រនៅ​ថ្ងៃ​ទី១០ ខែ​មិថុនា នៅទីក្រុង Istanbul ប្រទេសទួរគីខាងមុខ ខណៈManchester City កំពុង​សម្លឹង​រក​ការ​ឈ្នះ​ពាន Champions League ជា​លើក​ដំបូង ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖