ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ(បើកបរស្របទិសគ្នាពីត្បូងទៅជើង) ចំនួន០១ករណី នៅចំណុចមុខសាលាស្រុកសាលាក្រៅ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ខូចខាតម៉ូតូចំនួន០១គ្រឿង (កម្រិតស្រាល) និងរថយន្ត ចំនួន០១គ្រឿង(កម្រិតស្រាល)។
សមត្តកិច្ចជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបានបន្តថា÷ ម្ចាស់រថយន្តបង្ក ឈ្មោះ អ៊ុយ ធា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) បើកបររថយន្តម៉ាកLEXUS 300 ពណ៌សកាំម៉ៃ០២ ពាក់ស្លាកលេខភ្នំពេញ2AL-3220 បានរត់គេចពីកន្លែងកើតហេតុ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅធ្វើការឃាត់ខ្លួនម្ចាស់រថយន្តបង្ក។
ភាគីរងគ្រោះ ឈ្មោះ ថោង ស្រីវី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកសង់ការ៉េ ពណ៌ ក្រហម គ្មានស្លាកលេខ (រងរបួសធ្ងន់) ។
មូលហេតុ៖ បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក្នុងស្ថានភាពស្រវឹង។
នគរបាលបានបន្តទៀតថា÷ក្រោយពីសមត្ថកិច្ចជំនាញបានវាស់វែងរួចជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត