ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនពេកបុករះបង្កាន់ដៃស្ពានបណ្ដាលឱ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូឡើងស្ពានដោយល្បឿនលឿនបានជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូធ្លាក់ពីលើស្ពានរងរបួសធ្ងន់។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង០៥នាទី នៅលេីស្ពានព្រែកក្ដាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មឺន នរិន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក HONDA DREAM C125 (ផលិតឆ្នាំ2023) គ្មានផ្លាកលេខ។

ប្រភពដដែលបន្តថា នៅវេលាថ្ងៃ- ខែ- ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 (ផលិតឆ្នាំ2023) គ្មានផ្លាកលេខ បើកបរដោយឈ្មោះ មឺន នរិន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល(រងរបួសធ្ងន់-មិនពាក់មួកសុវត្តិភាព) បើកបរមានទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ចាម) ។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបើកឡើងលើស្ពានហើយក៏បុករះបង្កាន់ដៃស្ពាន បណ្ដាលអោយអ្នកបើកបរ ធ្លាក់ពីលើស្ពានរង​របួសធ្ងន់។

បច្ចុប្បន្នអ្នកបើកបរម៉ូតូត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ។ ចំណែកម៉ូតូត្រូវបានប្រគល់អោយសាច់ញាតិជនរងគ្រោះ៕

ដោយ ៖ ស្អាងជ័យ


ចែករំលែក៖