ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របើកគេចពីក្រុមក្មេងស្ទាវបង្ហោះម៉ូតូជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

    ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីមានរថយន្តហាយឡេនឌ័របើកគេចពីក្រុមក្មេងស្ទាវបង្ហោះម៉ូតូខាងមុខជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខាតខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃសៅរ៍ទី២០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ត្រង់ចំណុចមុខបន្ទាយ៩៩ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-3772 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមក្មេងស្ទាវជិះម៉ូតូបង្ហោះនៅខាងមុខក៏បួងចង្កូតគេចមកខាងឆ្វេងដៃជ្រុលចង្កូតទៅចំណែកផ្លូវម្ខាងទៀតទៅបុករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AW-8872ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសដៅគ្នាបណ្តាលអោយខាងរថយន្តព្រូសមានមនុស្សរងរបួសធ្ងន់ស្រាល២នាក់ ហើយរថយន្តទាំង២គ្រឿងរងការខូចខាតមួយកំណាត់មុខដូចគ្នា។

    បន្ទាប់មកគេបានឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖