ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖​ រួមគ្នាពង្រឹងសន្តិសុខទឹក ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖​ ការប្រែប្រួលអាកាសធាតុធ្វើឱ្យសន្តិសុខទឹក កាន់តែអាក្រក់ បណ្តាលឲ្យមានទឹកជំនន់ គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងៗទៀត។ ប្រទេសក្រីក្រ និងសហគមន៍ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងវេទិកាស្តីពីរបៀបវារៈសកម្មភាពអាស៊ី សម្រាប់ភាពធន់នឹងអាកាសធាតុ តាមរយៈទឹក នៅរាជធានីភ្នំពេញ រៀបចំឡើងក្នុងថ្ងៃនេះ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញថា ស្ថាប័នពាក់ព័ន្ធទាំងអស់ ចាំបាច់បង្កើតសកម្មភាពអភិវឌ្ឍន៍នានា ដើម្បីពង្រឹងសន្តិសុខទឹក និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ 

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា យុទ្ធសាស្រ្តពង្រឹងសន្តិសុខទឹក តម្រូវឲ្យមានស្ថាប័នកំពូល និងជំនាញកម្រិតខ្ពស់ ចូលរួមថែមទៀត មិនគ្រាន់តែអំពីការប្រមូលទិន្នន័យ និងការអនុវត្តឧបករណ៍គំរូវិភាគ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការកសាងសមត្ថភាព ក្នុងប្រទេសរៀងៗខ្លួន ដើម្បីវាយតម្លៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ លើធនធានទឹក។ 

ការពង្រឹងសន្តិសុខទឹក ក៏តម្រូវឲ្យមានការកំណត់ជម្រើស នៃការសម្របខ្លួន ឲ្យបានកាន់តែប្រសើរ ចំពោះដំណោះស្រាយអាកាសធាតុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងដំណោះស្រាយផ្សេងទៀត ដែលរដ្ឋាភិបាល និងផ្នែកឯកជន អាចអន្តរាគមន៍ ដល់សហគមន៍មូលដ្ឋាន ងាយរងគ្រោះ ឲ្យចេះរៀបចំខ្លួន ដើម្បីបន្ស៊ាំ និងគ្រប់គ្រងគ្រោះមហន្តរាយទាក់ទងនឹងទឹក។

ជាមួយគ្នានេះ ការរៀបចំការអភិវឌ្ឍសកម្មភាពគ្រប់គ្រងទឹក ត្រូវធ្វើឡើងតាមរបៀបសមធម៌ និងរួមបញ្ចូលទាំងកត្តាជំនួយមួយចំនួនបន្ថែមទៀត។ ដូចនេះ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានហិរញ្ញប្បទាន គ្រប់គ្រាន់សម្រាប់សកម្មភាពគ្រប់គ្រងទឹក  ចាំបាច់ត្រូវមានការគៀងគរការចូលរួម ពីគ្រប់មជ្ឈដ្ឋាន។ 

ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងប្រកបដោយភាពច្នៃប្រឌិត ដូចជាគម្រោង PES ឬ REDD+ អាចពាក់ព័ន្ធសំខាន់ជួយដល់គម្រោងគ្រប់គ្រងទឹក ដោយសារវាអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា ផ្តល់ឥណទានកាបូន ការអភិរក្សជីវចម្រុះ ការកែលម្អគុណភាពបរិស្ថាន និងការបង្កើតប្រាក់ចំណូលជាតិ និងជីវភាពប្រជាជននៅតាមមូលដ្ឋាន៕

ដោយ​៖សហការី​


ចែករំលែក៖