អ៊ុយក្រែនកំពុងខិតខំតាមរយៈកិច្ចការបរទេសដើម្បីអំពាវនាវដល់បណ្តាប្រទេសផ្លាស់ប្តូរទស្សនៈឈប់គាំទ្ររុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះបានជំរុញឱ្យអ៉ីរ៉ង់ពិចារណាឡើងវិញចំពោះការផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ី ដើម្បីកុំឱ្យជាប់ឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រ។
យន្ដហោះដ្រូនអត្តឃាត សាហ៉ីដ (Shahed) ដែលអ៉ីរ៉ង់បញ្ជូនឱ្យរុស្ស៉ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសអ៊ុយក្រែន។ ថ្លែងនៅក្នុងវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «មានសំណួរដ៏សាមញ្ញមួយ៖ តើអ្វីទៅជាប្រយោជន៍របស់អ្នក (អ៉ីរ៉ង់) ដោយការសមគំនិតក្នុងអំពើឃោរឃៅរបស់រុស្ស៉ី? ហើយអ្វីទៅជាផលចំណេញសម្រាប់អ៉ីរ៉ង់ នៃការសម្លាប់រង្គាលរបៀបនេះ? រុស្ស៉ីជាអ្នកប្រព្រឹត្ត ប៉ុន្តែដោយប្រើអាវុធរបស់អ្នក…ដ្រូនសាហ៉ីដ ដែលកំពុងគំរាមកំហែងអ៊ុយក្រែនជារៀងរាល់យប់»។
រុស្ស៉ី បានបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយអ៉ីរ៉ង់ ចាប់តាំងពីទីក្រុងមូស្គូ បើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។
អ៉ីរ៉ង់ ធ្លាប់បានបដិសេធថាមិនបានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីឡើយ តែក្រោយមកបានទទួលស្គាល់ថាខ្លួនបានផ្ដល់យន្ដហោះដ្រូនមួយចំនួនតូចឱ្យរុស្ស៉ី តាំងតែពីមុនពេលសង្រ្គាមផ្ទុះឡើងមកម្ល៉េះ៕ ដោយ៖ ធីរីណា
រូបថត ៖ Sputnik