ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះ Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង សានទុង (Shandong) អមដោយនាវាយោធាចិន២គ្រឿងផ្សេងទៀត បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នាថ្ងៃសៅរ៍នេះ។ក្រសួងការពារជាតិតៃវ៉ាន់បានបន្តថា នាវា Shandong បានធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅភាគខាងជើង កាលពីខ្ទង់វេលាថ្ងៃត្រង់ កាត់ច្រកសមុទ្រតៃវ៉ាន់ ដោយស្របតាមបណ្តោយខ្សែមេដ្យាននៅទីនោះ ដែលបម្រើជារនាំងខណ្ឌចែកមិនផ្លូវការ រវាងចិននិងតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានឱ្យដឹងដែរថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានយន្តហោះចម្បាំងចិនចំនួន៨គ្រឿង បានហោះឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ខណៈវាជាសកម្មភាព ដែលកងយន្តហោះយោធាចិន បានបន្តធ្វើជាប្រចាំទៅហើយ ចាប់តាំងពីខែសីហា ឆ្នាំមុនមក។
កាលពីឆ្នាំមេសាកន្លងទៅនេះ នាវាផ្ទុកយន្តហោះចម្បាំង Shandong បានចូលរួមក្នុងសមយុទ្ធយោធាចិន នៅក្បែរកោះតៃវ៉ាន់ ហើយក៏បានធ្វើប្រតិបត្តិការនៅ តំបន់ភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក ថែមទៀតផង។ ចំណែក កាលពីខែមីនា ឆ្នាំ២០២២ នាវានេះត្រូវបានបញ្ជាឱ្យចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលប្រធានាធិបតីចិននិងអាមេរិក ត្រូវជួបពិភាក្សាគ្នា។ ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន មិនធ្លាប់បោះបង់ចោលជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយដែនកោះនេះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ tuoitre


ចែករំលែក៖