ព័ត៌មានទាន់ហេតុការណ៍៖

យោធាខ្មែរកាប់ឆ្ការព្រៃជួយសង្គ្រោះពលរដ្ឋថៃដើរបេះបន្លែតាមព្រំដែនជាន់មីនផ្ទុះរបួសធ្ងន់រួមទាំងយោធាដែលជួយសង្គ្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោធាខ្មែរម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីកាប់ឆ្ការព្រៃចូលយកពលរដ្ឋថៃម្នាក់ដែលដើរបេះបន្លែតាមបន្ទាត់ព្រំដែនជាន់មីនផ្ទុះរងរបួសធ្ងន់ទាំអស់គ្នាតែម្ដងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម  ឃុំគោករមៀត  ស្រុកថ្មពួក ទល់មុខភូមិសាស្ត្រភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ (ប្រទេសថៃ ) ។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា៖ ដំបូងមានពលរដ្ឋថៃ០១នាក់ ឈ្មោះ សំរឹទ្ធ រ៉ៃរឿន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិអំពិល ឃុំតាប់ថៃ  ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានដើរបេះបន្លែក្នុងព្រៃនៅត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម  ឃុំគោករមៀត  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ  បានជាន់មីនបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងឆ្វេងនិងរបួសលើផ្ទៃមុខ ។ ក្រោយឮសូរសំឡេងមីនផ្ទុះ ភ្លាមៗនោះ កម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីន(កម្ពុជា) និងកម្លាំងទាហានឈុតខ្មៅថៃកងរយ1203 ដែលឈរជើងនៅទល់មុខនោះ រាវមីនដើម្បីចូលទៅជួយសង្គ្រោះជនរងគ្រោះ នៅពេលកម្លាំងយើងរាវមីនផងកាប់ឆ្ការត្រួសត្រាយព្រៃផងនោះ ស្រាប់តែឈ្មោះ សេង ឆន ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ បានកាប់ត្រូវគ្រាប់មីនបណ្តាលឱ្យផ្ទុះ០១គ្រាប់ទៀតត្រូវរបួសដៃខាងស្តាំនិងភ្នែកយ៉ាងធ្ងន់ធ្ងរ កម្លាំងយើងបានជួយបញ្ជូនយោធាខាងលើទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកនិងបន្តបញ្ជូនទៅមន្ទីរពេទ្យភូមិភាគ៥ ពពីរ នៅខេត្តបាត់ដំបង។ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ចំណែកពលរដ្ឋថៃនោះរហូតមកដល់ម៉ោង០២និង២៥នាទីរសៀលទើបអាចជួយសង្រ្គោះបាន ហើយត្រូវបានទាហានថៃដឹកយកទៅសង្រ្គោះនៅប្រទេសថៃផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖