ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមកាប់ប្លន់ម៉ូតូនិងអ្នកទទួលផលចោរកម្មជាបន្តបន្ទាប់សរុបចំនួន០៩នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន០៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេធ្វេីសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចមួយគ្រឿងកាលពីវេលាម៉ោង១និង២០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៣​ នៅផ្លូវ38K ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ជនរងគ្រោះឈ្មោះ ស័យ្យ​ ពន្លឺ​ ភេទប្រុសអាយុ២៦ឆ្នាំ​មុខរបរដឹកអនឡាញ​ ស្នាក់នៅភូមិសាមគ្គី៣​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយ​ពី​មាន​ករណី​កាប់​វាយ​ប្លន់​យក​ម៉ូតូ​ពីប្រជាពលរដ្ឋរងគ្រោះ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ ឯក​ឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ដឹកនាំ​កម្លាំង​ផ្នែក​សហការ​ជាមួយ​ប៉ុស្តិ៍​ តាម​ដាន​ស្រាវជ្រាវ​​កំណត់​មុខ​សញ្ញា​ជនសង្ស័យ​។

សមត្ថកិច្ចបានបន្តថា​  រហូត​ដល់​វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ​ទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ កម្លាំងសមត្ថកិច្ចតាមចាប់ឃាត់​ខ្លួន​​មុខ​សញ្ញា​និង​បក្ខពួក​បានចំនួន៥នាក់​ ​ស្ថិតនៅ​ភូមិ​ចំការ​ឪឡឹក​០២សង្កាត់​កាកាប​ទី​០២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​​ ហេីយបាននាំខ្លួនជនសង្ស័យទាំងនោះមកសាកសួរ​ បន្ទាប់មកជនសង្ស័យក៏បានសារភាពនិងបន្តតាមចាប់បក្ខពួកចំនួន៣នាក់បន្ថែមទៀត​ នៅសង្កាត់​ក្រាំង​ធ្នង់​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ រហូតមកដល់ព្រឹកថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២៣នេះទេីបសមត្ថកិច្ចបន្តចុះចាប់អ្នកទទួលផងចោរកម្មម្នាក់ទៀតក្នុងមូលដ្ឋានខណ្ឌមានជ័យដកហូតម៉ូតូមួយគ្រឿងផងដែរ។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖