ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមបញ្ជូន​ខ្លួន​មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ក្នុងក្រុងព្រះសីហនុ​ ចំនួន​៥នាក់​ ទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ក្នុងក្រុងព្រះសីហនុ​ ចំនួន​៥នាក់​ ត្រូវ​បាន​កម្លាំងជំនាញ​ខេត្តព្រះសីហនុ​ ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់កញ្ចក់រថយន្ត) ប៉ុនប៉ងក្នុងអំពើលួច (លួចកាច់បំបែកសោ.កម៉ូតូ) អំពើចោរកម្ម (លួចទូរស័ព្ទ និងកុំព្យូទ័រ) និងកាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលជំនាញ​ខេត្តព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី៣០​ ខែឧសភា​ ឆ្នាំ​២០២៣។ 

ប្រភព​ដដែល​បន្តថា​ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបុរី គុយណាត ឃ្លាំងលើស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់កញ្ចក់រថយន្ត) មួយកើតឡើង បង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណចំនួន ០២នាក់ បានធ្វើសកម្មភាពកាច់កញ្ចក់រថយន្តចំនួន ០២គ្រឿង រួចរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព៌ត័មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ទើបធ្វើការឃាត់ចាប់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ភេទប្រុស ជាបន្តបន្ទាប់ និងដកហូតបានអាវុធខ្លី ១ដើម (បង់១មាន៨គ្រាប់) ។ 

បន្ទាប់ពីធ្វើការសួរនាំបំភ្លឺជនសង្ស័យទាំង០៧នាក់បានអោយដឹងថា មានជនសង្ស័យចំនួន ០៥នាក់ ភេទប្រុស ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់កញ្ចក់រថយន្ត) ប៉ុនប៉ងក្នុងអំពើលួច (លួចកាច់បំបែកសោករម៉ូតូ) អំពើចោរកម្ម (លួចទូរស័ព្ទ និងកុំព្យូទ័រ) និង កាន់កាប់ រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ ។

សម្ភារវត្ថុតាងចាប់យកបានរួមមាន ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-4967 អាវុធខ្លី ១ដើម ម៉ាក GLOCK 19 មានលេខសម្គាល់ PAD509 មានបង់ ១ គ្រាប់ប្រភេទ 9mm ចំនួន ៨គ្រាប់ ផ្លែកែច្នៃសម្រាប់កាច់បំបែកសោករម៉ូតូ ១ដើម ផ្លៃទួណឺវីសសម្រាប់ធ្វើផ្លែកែច្នៃ ៣ដើម ដំបងរលាស់ ១ដើម ទូរស័ព្ទ ៤គ្រឿង IPAD ១គ្រឿង ដែកឆាប ១ដើម ដង្កាប់ និងសោរដែក មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង​ ត្រូវ​បាន​កម្លាំងជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រៀមបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖អារុណ​រះ


ចែករំលែក៖