ភ្នំពេញ ៖ លោកចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍បញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជាភ្លៀងចាប់ផ្ដើមធ្លាក់ច្រើនដោយលាយឡំ ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់។ ប៉ុន្ដែវាមិនមានបញ្ហាប្រឈមបង្កើតជាជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេ គ្រាន់តែបណ្ដាខេត្ដដែលនៅជាប់មាត់សមុទ្រ និងតំបន់ជួរភ្នំ អាចប្រឈមជន់ទឹកភ្លៀង ប៉ុន្ដែមិនស្ថិតក្នុងរយៈពេលយូរឡើយ។
លោករដ្ឋលេខាធិការបានបន្ថែមថា ប្រជាពលរដ្ឋដែលរស់នៅក្បែរនិងផ្លូវទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅ ពេលដែលមានភ្លៀងធ្លាក់។
រដូវវស្សាបានចូលមកដល់ហើយកាលពីសប្ដាហ៍ទី២ ខែ ឧសភា កន្លងទៅនេះ។ ទន្ទឹមនិងការមកដល់នៃរដូវវស្សា ភ្លៀងក៏បានផ្ដើមធ្លាក់ជាបន្តបន្ទាប់រាយប៉ាយនៅទូទាំងប្រទេសផងដែរ។ តែយ៉ាងណាសម្រាប់ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹកបញ្ជាក់រួចមកហើយថា រដូវវស្សាចូលមកដល់ហាក់យឺត របាយទឹកភ្លៀងមានតិចជាងឆ្នាំ ២០២២ ហើយនាដើមខែកក្កដា ដល់ដើមខែសីហា កម្ពុជាប្រឈមខ្លាំងដោយសារនេះគឺជាកូនរដូវប្រាំង។ យ៉ាង ណាក៏ដោយវាហាក់ដូចជាធម្មតា សម្រាប់ប្រជាជនកម្ពុជាជាពិសេសនៅក្នុងប្រទេសយើងតែងមានកូនរដូវប្រាំង។
ខណៈដែលកម្ពុជានឹងមានកូនរដូវប្រាំងនាពេលខាងមុខ ក្រសួងធនធានទឹក ក៏បានស្ដារប្រឡាយក្នុងតំបន់មួយ ចំនួនផងដែរ ដើម្បីបម្រើដល់ការបញ្ជូនទឹកជួយដល់ប្រជាកសិករ។ តែយ៉ាងណាបើទោះបីជាក្រសួងបានត្រៀមខ្លួនដើម្បីជួយប្រជាកសិករនៅពេលជួបគ្រោះរាំង ស្ងួតហើយក្ដី ប៉ុន្ដែការម្ចាស់ការត្រៀមខ្លួនពីប្រជាកសិករគ្រប់រូបក៏ជារឿងចាំបាច់ផងដែរ។
ឆ្លៀតឱកាសនេះ អំឡុងពេលមានភ្លៀងធ្លាក់ លោក ចាន់ យុត្ថា ទទូចដល់ប្រជាជនរៀបចំស្តុកទឹកទុកដើម្បីប្រើ ប្រាស់សម្រាប់ការបង្កបង្កើនផល ពិសេសគឺដំណាំស្រូវ។
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងថា កម្ពុជានឹងមានភ្លៀងនៅទូទាំងប្រទេសក្នុងបរិមាណតិច ច្រើន ទៅតាមតំបន់នីមួយ ចាប់ពីសប្ដាហ៍នេះរហូតដល់ដើមសប្ដាហ៍ក្រោយ។ ក្រសួងបានបញ្ជាក់ថា នៅពេលមានភ្លៀងធ្លាក់ បាតុភូមិខ្យល់កន្រ្ដាក់ និងរន្ទះ អាចកើតមានឡើងជាយថាហេតុ។ ហេតុដូច្នេះក្រសួងបានអំពាវនាវដល់ប្រជាជនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
សូមជម្រាបជូនថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣ នេះ ខ្យល់កន្រ្ដាក់ និងរន្ទះបាញ់បានបង្កឲ្យមនុស្សស្លាប់ចំនួន១៤នាក់ និងរងរបួសចំនួន ៩១នាក់។ នេះគឺជាការបញ្ជាក់របស់លោមសុទ្ធ គឹមកុលមុនី ទីប្រឹក្សានិងជាមន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៕
ដោយ៖ សូរិយា