ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាសអញ្ជើញសម្ពោធជាផ្លូវការស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ ទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បានរំលឹកគ្រាអតីតកាល នៃតំបន់ជ្រោយចង្វារ និងឫស្សីកែវ ដែលជាកន្លែងជ្រកពួន លាក់ខ្លួន របស់ខ្មែរក្រហម ដែលតែងលបលួចចូលវាយប្រហារកន្លែងស្តុកសាំង និងចូលមកកាន់រាជធានីភ្នំពេញ។

សម្តេចតេជោ ប្រកាសកោតសរសើរកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់។

សម្ដេចតេជោ ថ្លែង​ថា​ រាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយយកធនធានផ្ទាល់នៅទីនេះដើម្បីអភិវឌ្ឍន៍ឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ។

សម្តេចតេជោ ប្រកាសពីគម្រោង និងដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្នែកមួយ នៃការតភ្ជាប់ និងលំហូរ នៃការធ្វើដំណើរបានឆាប់រហ័ស។

សម្ដេចតេជោ​ សូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនធ្វើឱ្យផ្ដាច់មុខរបរដចម្លងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម។

សម្ដេចតេជោ ប្រកាស​ណែនាំដល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវរៀបចំទស្សនីយភាពពិធីបើកព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ខណៈរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ការបាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។

សម្តេចតេជោ ថ្លែង​ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡានេះ។

សម្តេចតេជោ ថ្លែង​ថា ព្រឹត្តិការណ៍បើក និងបិទ កីឡាអាស៊ានប៉ារ៉ាហ្គេម(កីឡាជនពិការ) នឹងមានទស្សនីយភាពដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែរ។

សម្តេចតេជោ ថ្លែង​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ-កីឡាការិនី ដែលជាកីឡាជនពិការ ខណៈព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ។

សម្តេចតេជោ ព្រមានជាថ្មីម្តងទៀតថា នរណាក៏ដោយឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាពនឹងមិនលើកលែងឲ្យនោះទេ។ 

សម្តេចតេជោ ប្រកាសពីការទម្លុះទម្លាយដើម្បីឱ្យមានការសាងសង់អគារ ដែលកម្ពស់ខ្ពស់កប់ពពកនាពេលបច្ចុប្បន្ននេះ ដែលពីមុនមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់អគារខ្ពស់ជាង វិមានឯករាជ្យ ឬ ព្រះសត្យមុនីចិតីយឡើយ។

សម្ដេចតេជោ ថ្លែងថា​ សម្ដេច​មានគម្រោងចំណាយពេលមួយថ្ងៃពេញ ដើម្បីដើរកម្សាន្តតាមអគារខ្ពស់ៗនៅរាជធានីភ្នំពេញ ខណៈមានអគារជាច្រើនបានសាងសង់ឡើងយ៉ាងគំហុកដែលសម្ដេចមិនទាន់បានអញ្ជើញពិនិត្យមើលផ្ទាល់នៅឡើយ។

សម្ដេចតេជោ ផ្ដាំផ្ញើអ្នកបន្តវេន កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកា ទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌» ដោយគួរតែរៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្ចះខ្ជាយឡើយ៕

ដោយ៖ សហការី


ចែករំលែក៖