ព័ត៌មានទាន់ហេតុការណ៍៖

យកលុយពីអតិថិជនជិត៤០លានរៀលមិនឱ្យក្រុមហ៊ុនដោយសារចាញ់ល្បែងទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ មន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ បានយកលុយដែលប្រមូលបានពីអតិថិជនដែលបង់ផ្ដាច់ប្រមាណជិត៤០លានរៀល ទៅលេងល្បែងអស់ នៅទៅបំផុត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ករណីរំលោភលើទំនុកចិត្ត ដែលករណីនេះ បានកើតឡើងថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចភូមិ ព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

      មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សេរីវិទ្យា  ហៅឌី ភេទ ស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានសាខាជាន់ខ្ពស់អម្រឹតសាខាព្រែកតាមាក់ មានទីលំនៅភូមិព្រែកតាមាក់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល 

ចំណែកជនជនសង្ស័យឈ្មោះ ស៊ាង ធារិទ្ធ  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត  នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ។

     ប្រភពដដែលបន្តថា រយៈពេលជាង០២ឆ្នាំមកហើយ ជនសង្ស័យបានចូលបំរើការងារនៅស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ទទួលផ្នែកទំនាក់ទំនងអតិថិជន ដោយរៀបចំឯកសារឲ្យអតិថិជនខ្ចីប្រាក់និងទទួលប្រាក់ការនិងប្រាក់ដើម ពីអតិថិជនបង់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតវិញ។ដោយកាលពីខែសីហា.២០២២ ជនសង្ស័យបានទទួលប្រាក់ដើមពីអតិថិជនចំនួន១៧នាក់ ដែលពួកគាត់យកមកបង់ផ្តាច់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជនសង្ស័យបានប្រមូលប្រាក់ទាំងនោះពីអតិថិជនចំនួន១៧នាក់ សរុបទឹកប្រាក់ ៣៩.៦៩០.០០០៛(សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ជនសង្ស័យយកប្រាក់ទាំងនោះទៅសងគេ និងយកទៅលេងល្បែងភ្នាល់បាល់ចាញ់អស់ ។

លុះមកដល់ថ្ងៃទី២៩ ឧសភា២០២៣ ម៉ោង៩និង៣០នាទីព្រឹក ជនរងគ្រោះបានហៅជនសង្ស័យមកសាកសួរនៅស្នាក់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតស្រុកខ្សាច់កណ្តាល ហើយជនសង្ស័យសារភាពថាខ្លួមពិតជាបានយកប្រាក់ចំនួន៣៩.៦៩០.០០០៛(សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ពីអតិថិជនចំនួន១៧នាក់ប្រាកដមែន។   ដល់ថ្ងៃទី៣០ ខែឧសភា២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖