ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX330បេីកបុកម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖  បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តឡិចស៊ីសRX330បេីកបុកពេញទំហឹង​ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច​ ថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវបេតុង​ ក្នុងភូមិអណ្តូង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ 

   ជនរងគ្រោះដែលស្លាប់ឈ្មោះ វាសនា​ ភេទប្រុសអាយុ​ប្រហែលជាង៣០ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​  ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅខេត្តកំពត​ ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ហួរ​ មានស្រុកកំណេីតនៅខេត្តកំពង់ចាម។ 

    រីឯជនបង្កហេតុឈ្មោះ សុជាតិ​ រស់នៅភូមិស្រេជះ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកហុងដា​ឌ្រីម​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខព្រៃវែង1B-4752 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចសុីសRX330 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH -7620 ធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសទិសគ្នាហេីយបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ​ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបេីករត់រហូតទៅដល់សង្កាត់ឪឡោក ខណ្ឌកំបូល​ ទេីបប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច។ 

    បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពហុព្យាបាល​និងសម្ភព​ ព្រហ្មវិហារ​ មកដឹកយកទៅសង្គ្រោះតែជាអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យប្រហែល២ម៉ោង​ ចំណែកម្នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាល។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖