ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងបេីកមកចតលេីដងផ្លូវដោយមិនបានដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវធ្វើឱ្យបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះហេង គឹម ហ៊ុន អាយុ៣៣ឆ្នាំ ធ្វើការនៅក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ប្រផេះក្បាលរថយន្តពាក់ស្លាកលេខត្បូងឃ្មុំ3A-2239 ចំណែកកន្ទុយរុឺម៉ករថយន្តពាក់ស្លាកលេខត្បូងឃ្មុំ 3A-1682 ចតលើដងផ្លូវនៅចំណុចទីតាំងកើតហេតុខាងលើក្នុងទិសដៅពីកើតទៅលិចដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវនោះទេ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានម៉ូតូហុងដាស្គូពីពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1KC-2577ជិះដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើតជ្រុលទៅបុកពីក្រោយរថយន្តធុនធំពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះបោកក្បាលនឹងទ្រុងរថយន្តបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ