ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មីនមិនទាន់ផ្ទុះចំនួន៤គ្រាប់ត្រូវពលរដ្ឋភ្ជួរដីប្រទះឃើញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋភ្ជួរដីចម្ការបានប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមចំនួន០៤គ្រាប់ កប់ក្នុងដី ហើយបានរាយការណ៍ជូនសមត្ថកិច្ចនៅវេលាម៉ោង០១និង២០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ។

    សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មានប្រជាពលរដ្ឋបានទៅភ្ជួរដីចម្ការដើម្បីដាំដំឡូងមីនៅចំណុចអូរកំបុត ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ(មីន៦៩) កប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាម រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាល ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាមបានឱ្យដឹងថា៖ តាមការរៀបរាប់ពីឈ្មោះ ម៉ៅ ចាន់ឡា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិកំណប់ ឃុំស្លក្រាមបានប្រាប់ថា ដីចម្ការនេះគឺគាត់ទើបជួលគេដាំដំឡូងមីនៅឆ្នាំនេះទេ ហើយបានភ្ជួរដីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទ(មីន៦៩) ចំនួន០៤គ្រាប់ ដែលកប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាម។ បន្ទាប់មកក៏បានរាយការណ៍ជូនទៅនគរបាលប៉ុស្តិ៍ និងរាយការណ៍បន្តទៅមន្ត្រីជំនាញអង្គភាពហេឡូត្រាសយកទៅកម្ទេចចោល ៕

ដោយ ៖ វណ្ណា


ចែករំលែក៖