ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចមិនឃុំខ្លួនគ្រូបាល់ទាត់ក្លឹបពិសិដ្ឋ តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចមិនឃុំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយចំនួន ១០.០០០ ដុល្លារអាមេរិក តែបានចេញដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២៣ ។ 

ជនត្រូវចោទឈ្មោះ ប៊ិន ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ ជាគ្រូបាល់ទាត់ក្លឹបពិសិដ្ឋ១៦FC មានទីលំនៅផ្ទះលេខ២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធលើពាក្យបណ្តឹងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក ។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ប៊ិនពិសិដ្ឋ បានទំនាក់ទំនងជា មួយមនុស្សដែលរាប់អានគ្នា ពឹងពាក់ឲ្យជួយរកប្រាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក ដើម្បីយកទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយធានាអះអាងថានិងប្រគល់ប្រាក់គ្រប់ចំនួនវិញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ។ បន្ទាប់មកឈ្មោះ ប៊ិន ពិសិដ្ឋ បានចេញមូលប្បទានប័ត្រមួយសន្លឹក របស់ធនាការវឌ្ឍនៈអាស៊ីចំកាត់ (ABA)ឲ្យទៅដើមបណ្តឹង ដែលមានទឹកប្រាក់ ១០ ០០០ ដុល្លារអាមេរិក ។ លុះដល់ថ្ងៃកំណត់ជនរងគ្រោះបានយកមូលប្បទាន ប័ត្រនោះទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ “សែកស្អុយ” មិនតែប៉ុណ្ណោះជនសង្ស័យបានព្យាយាមគេចវេស មិនព្រមចូលខ្លួនដោះស្រាយជាមួយដើមបណ្តឹង ថែមទាំងបិទទូរស័ព្ទផ្តាច់ការទំនាក់ទំនងទៀតផង ។ ហេតុដូច្នោះទើបម្ចាស់បំណុលបានដាក់ពាក់បណ្តឹងទៅសមត្តកិច្ច ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។ 

ទីបំផុតអ្វីដែលធ្វើឲ្យដើមបណ្តឹងមានការខកចិត្ត គឺបានមកវិញត្រឹមតែចៅក្រមស៊ើបសួរ សម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនឃុំខ្លួនជនសង្ស័យទេ ហើយបំណុល ១០ ០០០ ដុល្លារ ក៏មិនដឹងទៅយកពីណាដែរ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖