ភ្នំពេញ ៖ អ្នកដែលជ្រះថ្លានឹងព្រះធម៌ដែលខ្ញុំបង្រៀនឬសម្តែងពន្យល់ពិតប្រាកដ ពួកគាត់ប្រាកដជាយល់ច្បាស់ថាខ្ញុំជាមនុស្សបែបណាមិនខាន ពួកគាត់មិនអាចងាករេចិត្តចេញពីព្រះធម៌ព្រោះតែការងារផ្ទាល់ខ្លួនរបស់ខ្ញុំឡេីយ ព្រោះពួកគាត់បានទទួលប្រយោជន៍អំពីព្រះធម៌រួចទៅហេីយ។ នេះជាបញ្ជាក់ពី អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅលើ Facebook ផ្លូវការ របស់លោក ។
អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលើកឡើងថា៖ ពួកគាត់ពិតជាមិនខឹងសម្បានឹងជីវិតឯកជនរបស់ខ្ញុំឡេីយ ទឹកចិត្តរបស់ពួកគាត់ មានតែព្រួយបារម្ភពីសុខទុក្ខរបស់ខ្ញុំ នឹងរង់ចាំចូលរួមក្នុងដំណេីរធម្មទានរបស់ខ្ញុំតទៅមុខទៀតប៉ុណ្ណោះ។
លោកថ្លែងទៀតថា ៖ ចំណែកអ្នកដែលដៀមដាម ឬរហូតដល់ជេរប្រមាថខ្ញុំ ច្បាស់ណាស់ថា ពួកគាត់មិនដែលជ្រះថ្លានឹងធម្មទានរបស់ខ្ញុំតាំងពីខ្ញុំនៅជាបព្វជិតម្ល៉េះ នេះជាមូលហេតុដែលខ្ញុំមិនចំណាយកម្លាំងនិងពេលវេលាទៅឆ្លេីយតប ខ្ញុំយកចិត្តទុកដាក់ជាមួយតែអ្នកដែលចង់រួមដំណេីរជាមួយខ្ញុំប៉ុណ្ណោះ។ រស់ក្នុងសង្គមត្រូវមានទំនាក់ទំនងល្អ ហេីយការជួបគឺជាការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក សូម្បីព្រះសម្មាសម្ពុទ្ធក៏ធ្លាប់យាងទៅជួបព្រះរាជា ឬសេនាបតីដែរ មិនមែនការជួបសុទ្ធតែកេីតចេញពីចិត្តកខ្វក់ឡេីយ។ ដូចកាលពីដេីមឆ្នាំ ខ្ញុំបានទៅជួបសម្តេចប៉ាប មិនមែនព្រោះខ្ញុំដូរសាសនាទេីបទៅជួបបាននោះទេ គ្រាន់តែជាការបង្កេីនមិត្តភាពរវាងអ្នកគោរពសាសនាប៉ុណ្ណោះ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែគោរពដេីរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធដដែល។
សូមបញ្ជាក់ថា ៖ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយ អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាសង្ឃមានចំណេះដឹងខាងពុទ្ធចក្រនិងអាណាចក្រជ្រៅជ្រះ បានសម្រេចលាចាកសិក្ខាបទកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដោយលើកឡើងថាអស់និស្ស័យជាភិក្ខុ បានចូលជួប គោរពដោយផ្ទាល់ នៅភូមិគ្រឹះរបស់សម្ដេចក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ ៕
ដោយ ៖ សិលា