ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរប្រុសស្រី៩នាក់ឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃ ៖ តាមសេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃបានប្រាប់ថាៈកងទ័ពបូព៌ាថៃបានចាប់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​កម្ពុជាចំនួន២​លើកសរុបបានពលរដ្ឋខ្មែរប្រុសស្រីឆ្លងដែនខុស​ច្បាប់៩​នាក់ និង​មនុស្ស១​នាក់ទៀតកំពុង​ស្វែង​រក​ដោយរត់​គេច​ពី​ប្រទេស​ថៃតាម​ព្រំដែន​ខេត្ត​ស្រះកែវនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

សេចក្ដីរាយការណ៍បន្ថែមបានឱ្យដឹងទៀតថា កងកម្លាំងបូព៌ាដោយមានក្រុមការងារកងវរសេនាធំថ្មើរជើងទី១២ អង្គភាពបញ្ជាកងវរសេនាធំលេខ១៣ និងក្រុមការងារកងវរសេនាធំថ្មើរជើងទី២។  កម្លាំងនគរបាលការពារព្រំដែនគោកលេខ១២ ដែលបានដើរល្បាតតាមច្រកព្រំដែនក្នុងខេត្តស្រះកែវ បានរកឃើញការប្រើប្រាស់ច្រករបៀងធម្មជាតិសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន២លើក ហើយបានឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសកម្ពុជាចំនួន៩នាក់ និងម្នាក់តាមដីកាចាប់ខ្លួនបានព្យាយាមរត់គេចខ្លួនចេញពីប្រទេសថៃ។

  ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​និងបញ្ជូន​ពលរដ្ឋប្រុសស្រីទាំងអស់នោះទៅ មន្ត្រីប៉ូលិសក្នុងតំបន់ដើម្បីចាត់ការតាមច្បាប់បន្តទៀត។

  ប្រភពបញ្ជាក់ថាៈ ពលរដ្ឋដែលលួចឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ភាគច្រើនត្រូវបានមេខ្យល់ដឹកតាមរថយន្តនៅពេលយប់ទៅដាក់នៅទីតាំងជិតៗក្បែរច្រករបៀងមួយចំនួនដែលក្រុមពួកមេខ្យល់ត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន ហើយការឆ្លងដែននោះទៀតសោតប្រឈមទៅនឹងគ្រោះថ្នាក់គ្រប់ប្រភេទ ជួនពេលខ្លះរត់គេចពីសមត្ថកិច្ច និងពេលខ្លះទៀតដើរដេកតាមចម្ការអំពៅជាដើម។ នៅតំបន់មួយចំនួនទៀតគ្រាប់មីននៅសេសសល់ពីសង្គ្រាមក៏មិនទាន់ដោះអស់ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖