ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងបាត់ខ្លួនជាង៣០នាក់ដោយសារតែខ្យល់ព្យុះភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅភាគខាងត្បូងប្រេស៊ីល

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១១នាក់បានបាត់បង់ជីវិត នៅរដ្ឋ រីយ៉ូហ្ក្រាន់ដូស៊ូល (Rio Grande do Sul) ភាគខាងត្បូងប្រទេស ក្រោយព្យុះស៊ីក្លូនមួយបានវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍នេះ។
អាជ្ញាធរនៃរដ្ឋ Rio Grande do Sul ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្កាយ បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា មនុស្សចំនួន១១នាក់បានស្លាប់ ដោយសារតែឥទ្ធិពលនៃព្យុះស៊ីក្លូនខាងលើ ហើយមនុស្សចំនួន ១៨នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅក្រុងខារ៉ា (Caraa) ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេ និង២នាក់នៅក្រុងត្រេស ហ្វ័គីយ៉ាស (Tres Forquilhas)។
មនុស្សសរុប២,៣៣០នាក់ ត្រូវខូចខាតផ្ទះសម្បែង និង៦០២នាក់ ត្រូវបានជម្លៀសកាលពីចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រចេញពីតំបន់ដែលប្រឈមហានិភ័យ ដោយសារគន្លងផ្លូវធ្វើដំណើររបស់ព្យុះស៊ីក្លូននោះ ហើយរយៈពេល២ថ្ងៃចុងក្រោយនេះ មនុស្សចំនួន២,៤០០នាក់ត្រូវបានជួយសង្រ្គោះ។
ប៉ុន្មានឆ្នាំនេះ ប្រេស៉ីលបានទទួលរងគ្រោះមហន្តរាយធម្មជាតិអាក្រក់ៗជាបន្តបន្ទាប់ ដែលក្រុមអ្នកជំនាញនិយាយថា ត្រូវបានជំរុញដោយការប្រែប្រួលនៃអាកាសធាតុភពផែនដី។ កាលពីខែកុម្ភៈ មនុស្សយ៉ាងតិច៦៥នាក់បានស្លាប់ នៅពេលភ្លៀងធ្លាក់ខ្លាំងជោកជាំ បានបង្កជាទឹកជំនន់និងបំណាក់ដី នៅរដ្ឋសៅប៉ូឡូ (Sao Paulo) ភាគអាគ្នេយ៍ប្រទេស៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖