ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សម្តេចតេជោ ក៏បានប្រកាសថ្លែងអំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងក្រុងតាខ្មៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

សម្តេចតេជោ  ហ៊ុន សែន បានប្រកាសថា ការទំនើបកម្មជាបន្តបន្ទាប់អាងប្រព្រឹត្តកម្មទឹកស្អាតនៅភ្នំពេញ គឺជាផ្នែកមួយដ៏ធំសម្រាប់ជំរុញចរន្តទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំពាធទឹកបាញ់ចេញរហូតដល់២៨ម៉ែត្រឯណោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតត្រូវបានធ្វើឡើងជាជំហានៗ ដោយទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និងទី២ មានសមត្ថភាពផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ និងគម្រោងទី៣ នឹងមានសមត្ថភាពផលិតទឹកបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់នៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាស ក្រុមហ៊ុនជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវនាវដល់ទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ-AFD បន្តជួយដល់កម្ពុជាលើវិស័យទឹកស្អាត និងអរគុណក្រុមហ៊ុនចិនវ៉ាងស៊ី ដែលបានកសាងអគារ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្វីត្បឹតយើងមិនអាចទាញអតីតកាលមកបាន តែយើងអាចរំលឹកពីអតីតកាល និងយកវាមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់បច្ចុប្បន្នកាល និងធ្វើឱ្យប្រសើរឡើងសម្រាប់ពេលអនាគត។សម្តេចតេជោ បានរំលឹកគ្រាអតីតកាល ដែលសម្តេចត្រូវបាត់បង់កូនម្នាក់(រលូត) បន្ទាប់ពីភរិយារបស់សម្តេច ពេលកំពុងមានផ្ទៃពោះ តែងចុះទៅដងទឹកទន្លេ ដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ ៕

ដោយ ៖ សិលា


ចែករំលែក៖