ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនជាច្រើនទៅទិញពាក្យដេញថ្លៃគម្រោងអភិវឌ្ឍន៍នានា តែអភិបាលស្រុកមិនព្រមលក់ពាក្យឱ្យដដែល

ចែករំលែក៖

ខេត្តតាកែវ ៖ ជិតដល់ថ្ងៃដែលបើកសំណើដេញថ្លៃធ្វើផ្លូវបេតុងអាម៉េប្រវែងជាង៤រយម៉ែត្រដែលជាគម្រោងរបស់រដ្ឋបាលសាលាស្រុកអង្គរបុរី តែលោកចៅហ្វាយស្រុកនៅតែមិនព្រមលក់ពាក្យឱ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃដដែល។

    ជារឿងផ្ទុយស្រឡះដែលលោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរី ដាក់ប្រកាសលក់ពាក្យដេញថ្លៃជាសាធារណៈក្នុងគម្រោងធ្វើផ្លូវអភិវឌ្ឍន៍ក្នុងមូលដ្ឋានខ្លួននោះគឺមិនលក់ពាក្យឱ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃឱ្យទូលំទូលាយនោះទេ។ មានក្រុមហ៊ុនជាច្រើនដែលមានបំណងទៅទិញពាក្យបានបញ្ជាក់ថា អ្នកកាន់ពាក្យសម្រាប់លក់ឱ្យក្រុមហ៊ុនមិនព្រមលក់ទេ គឺទាល់តែមានបញ្ជាពីលោក រស់ ប៊ុនធឿន ដែលជាចៅហ្វាយស្រុកទើបគេព្រមលក់ឱ្យ។ ពួកគេនិយាយថា ប្រហែលជាលោកចៅហ្វាយស្រុកលក់ពាក្យឱ្យក្រុមហ៊ុនណាដែលមានសម្ពន្ធភាពស្និទ្ធជាមួយលោកហើយមើលទៅ ព្រោះងាយស្រួលនិយាយគ្នាពេលដេញថ្លៃបានគម្រោង (ឃុបឃិតគ្នាពុករលួយរវាងអាជ្ញាធរនឹងក្រុមហ៊ុន)។ 

    ពាក់ព័ន្ធនឹងការមិនលក់ពាក្យឱ្យក្រុមហ៊ុននេះ លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបុរីមិនអាចសុំការបំភ្លឺបានទេ ដោយហៅទូរស័ព្ទចូលជាច្រើនដង តែលោកមិនទទួល។

  សូមបញ្ជាក់ថា រដ្ឋបាលស្រុកអង្គរបុរីបានប្រកាសលក់ពាក្យចូលរួមដេញថ្លៃការងារជុសជុលផ្លូវបេតុងអាម៉េប្រវែង ៤៥១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង០១កន្លែង ប្រចាំឆ្នាំ២០២៣ ស្ថិតនៅភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្ត តាកែវ ដោយលក់ពាក្យចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំម២០២៣ និងទទួលពាក្យបើកសំណើដេញថ្លៃនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩និង ០០ នាទីព្រឹកនៅអង្គភាពលទ្ធកម្មសាលាស្រុកអង្គរបុរី។ 

    រដ្ឋបាលសាលាស្រុកបញ្ជាក់ថា គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល)ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមដាក់ពាក្យដេញថ្លៃបានជាសាធារណៈ៕

ដោយ៖ សហការី


ចែករំលែក៖