ក្លិប Bournemouth បានបណ្តេញលោក Gary O’Neil ចេញពីតំណែងជាគ្រូបង្វឹកដោយដឹកនាំតិចជាង៧ខែបន្ទាប់ពីគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្លិបនេះ។ បុរសវ័យ៤០ឆ្នាំរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្ន បន្ទាប់ពីលោក Scott Parker ត្រូវបានបណ្តេញចេញនៅក្នុងខែសីហា បន្ទាប់មកត្រូវបានតែងតាំងជាអចិន្ត្រៃយ៍ក្នុងខែវិច្ឆិកា។
លោក O’Neil បានដឹកនាំឈ្នះការប្រកួតចំនួន១០ក្នុងចំណោម៣៤ប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់គាត់កាលពីរដូវកាលមុន ដោយបានដឹកនាំក្លិប Bournemouth ទៅកាន់ចំណាត់ថ្នាក់លេខ១៥។
លោក Bill Foley ម្ចាស់ក្លិប Bournemouth បាននិយាយថា “នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ។ វាត្រូវបានធ្វើឡើងដោយមានការពិចារណាយ៉ាងល្អិតល្អន់ ដើម្បីដាក់ខ្លួនយើងឱ្យល្អបំផុតនៅមុនរដូវកាលខាងមុខនេះ។ លោក Gary នឹងបន្តមានអាជីពជាគ្រូបង្វឹក ឬអ្នកចាត់ការទូទៅដ៏យូរអង្វែង ប៉ុន្តែយើងមានអារម្មណ៍ថា នៅពេលនេះ ការផ្លាស់ប្តូរគឺស្ថិតនៅក្នុងផលប្រយោជន៍ដ៏ល្អបំផុតរបស់ក្លិបបាល់ទាត់មួយនេះ”។ Bournemouth បានប្រកាសថា ពួកគេនឹងប្រកាសអ្នកស្នងតំណែងលោក O’Neil ឆាប់ៗនេះ។
លោក O’Neil បានចូលកាន់តំណែងនៅកីឡដ្ឋាន Vitality បន្ទាប់ពីលោក Parker ត្រូវបានបណ្តេញចេញបន្ទាប់ពីចាញ់ ៩–០ ដោយ Liverpool ដែលជាការបរាជ័យដ៏ធំបំផុតរួមគ្នាក្នុងប្រវត្តិសាស្ត្រ Premier League។ វាគឺជាការបរាជ័យលើកទីបីជាប់ៗគ្នារបស់ក្លិប ប៉ុន្តែលោកO’Neil មិនស្គាល់ចាញ់សោះក្នុងការដឹកនាំ៦ប្រកួតដំបូងរបស់គាត់។
គាត់បានដឹកនាំក្រុមទទួលបាន១៣ពិន្ទុពីការប្រកួតក្របខ័ណ្ឌកំពូលទាំង១១ក្នុងការទទួលបន្ទុកបណ្តោះអាសន្ន និងបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំកន្លះជាមួយនឹងជម្រើសនៃការបន្តរយៈពេល១២ខែ នៅពេលដែលគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្លិបអំឡុងពេលសម្រាកពាក់កណ្តាលរដូវកាលនៃក្របខ័ណ្ឌ Premier League។
មុនពេលភាពជាដៃគូដែលដឹកនាំដោយអ្នកជំនួញជនជាតិអាមេរិក Foley បានបញ្ចប់ការកាន់កាប់ Bournemouth របស់ខ្លួននៅក្នុងខែធ្នូ។ វាគឺជាតំណែងអ្នកចាត់ការដំបូងរបស់លោក O’Neil បន្ទាប់ពីតួនាទីជាជំនួយការគ្រូបង្វឹកជាមួយក្រុម Liverpool អាយុក្រោម២៣ឆ្នាំ និងជាមួយ Bournemouth ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Championship ។
នៅក្នុងការប្រកួត Premier League ២៣ប្រកួតបន្ទាប់ពីការសម្រាក World Cup លោក O’Neil’s Bournemouth បានចាញ់១៤ និងឈ្នះ៧រួមទាំងការទទួលជ័យជម្នះ ១–០ លើ Liverpool ក្នុងខែមីនា និងជ័យជម្នះក្រៅដី ៣–២ ទល់នឹង Tottenham កាលពីខែមេសា។
លោក Foley បាននិយាយថា Bournemouth បានកំណត់គោលដៅសំខាន់ៗមួយចំនួននៅក្នុងទីផ្សារដោះដូរកីឡាករ ហើយការចាកចេញរបស់លោក O’Neil នឹងផ្តល់ឱ្យក្លិបនូវឱកាសដ៏ល្អបំផុតដែលត្រូវសាងសង់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)