ក្លិបអ្នកមានបុណ្យ Barcelona នឹងចាប់ផ្តើមការពារតំណែងជើងឯកលីកកំពូលអេស្ប៉ាញរបស់ខ្លួននៅក្រៅទឹកដី ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះGetafe នៅថ្ងៃទី១៣ ខែសីហា ខណៈដែល Real Madrid ទៅជួប Athletic Bilbao នៅចុងសប្តាហ៍ដូចគ្នា។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់ FA របស់អេស្ប៉ាញប្រកាសកាលពីថ្ងៃទី២៣ មិថុនា។
ជាមួយនឹងការជួសជុលកីឡដ្ឋាន Camp Nou របស់ Barcelona ដែលកំពុងដំណើរការរួចហើយ ក្រុមយក្សកាតាឡាន់មួយនេះនឹងរៀបចំការប្រកួត Clasico ដំបូងនៃរដូវកាលទល់នឹងគូប្រជែងដ៏ជូរចត់ Real Madrid នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន Montjuic Olympic។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅ Santiago Bernabeu នៅសប្តាហ៍ទី៣គឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
ចុងសប្តាហ៍ចុងក្រោយរបស់ La Liga អាចជាចំណុចកំពូលនៃភាពតានតឹងក្នុងរដូវកាលនេះ ដោយ Barcelona ទៅសួរសុខទុក្ខម្ចាស់ជើងឯក Europa League ក្រុម Sevilla, Real Madrid ធ្វើជាម្ចាស់ផ្ទះជួប Real Betis និងក្រុម Real Sociedad ក្នុងក្របខ័ណ្ឌ Champions League ទទួលភ្ញៀវ Atletico Madrid របស់លោក Diego Simeone ។ វានឹងមិនមានការប្រកួតនៅថ្ងៃចូលឆ្នាំថ្មីទេ ខណៈពេលសម្រាកបុណ្យណូអែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា។
ការប្រកួតពានរង្វាន់ Spanish Super Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១០-១៤ ខែមករា ជាមួយនឹងក្រុម Barcelona, Real Madrid, Osasuna និង Atletico Madrid ដែលចូលរួមទាំង៤ក្រុមនេះ។ Copa del Rey នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ហើយការប្រកួតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមេសា នៅកីឡដ្ឋាន La Cartuja ក្នុងទីក្រុង Seville។
រដូវកាល La Liga ២០២៣-២០២៤ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១១ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)