ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់០១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឆ្លងផ្លូវ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ នៅថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០៩នាទី​ នៅលើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិល ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AL-3316 បើកបរដោយឈ្មោះ ជ​ សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ០១នាក់ ត្រូវជាប្រពន្ធឈ្មោះ ថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ បានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ខៀវ សេរី២០០២ ពាក់ស្លាកលេខ កំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរ ខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូ បណ្តាលជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ សមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ រីឯរថយន្តនឹងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ​តាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖