ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅរោងចក្រតំបន់ព្រៃស្ពឺនាថ្ងៃនេះ។ សម្ដេចតេជោបញ្ជាក់ថា ជំនួបជាមួយបងប្អូនកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីផង និងមួយផ្នែកទៀតដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រទាំងអស់បានអនុវត្តបានយ៉ាងល្អ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំជាច្រើន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អរគុណដល់កម្មករ កម្មការិនី ដែលបានអនុវត្តបានយ៉ាងល្អនូវវិធានការសុខភិបាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថានការវិបត្តិកូវីដ-១៩ បានយ៉ាងល្អរហូតអាចបើកសង្គម សេដ្ឋកិច្ចឡើងវិញដល់បច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាតទៅទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្សជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ។ សម្តេចតេជោបានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺអេដស៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់។
សម្តេចតេជោបានផ្ដាំផ្ញើដល់កម្មករនិយោជិតកុំលង់ទៅតាមការញុះញង់របស់ក្រុមជនអាក្រក់នៅក្រៅប្រទេស ខណៈកាលពីឆ្នាំ២០១៣ ក្រុមជនអាក្រក់នេះហើយ ជាមេខ្លោងដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់។ សម្តេចតេជោបានប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណា ក៏ដោយឲ្យតែមានការអន្តរាគមន៍ពីបរទេស នឹងគ្មានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ ដើម្បីលុបបំបាត់ការជ្រៀតជ្រែករបស់បរទេសលើផ្ទៃក្នុងកម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបញ្ចេញអាវុធធនធ្ងន់ ដើម្បីបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក។ សម្តេចតេជោ ក៏បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ៥៨៣នាក់ ក្នុងម្នាក់ៗ២០០ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ២ ចំនួន២នាក់ ក្នុងម្នាក់ៗ ចំនួន៤០០ដុល្លារផងដែរ៕
ដោយ៖ សហការី