ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអបអរសាទរ ជូនពរជ័យ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលប្រារព្ធពិធីបុណ្យ​ “រ៉យ៉ាហាជ្ជី”

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ កាលពីយប់ម្សិលមិញថា : ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា​ សូមអបអរសាទរ ជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលប្រារព្ធពិធីបុណ្យ​ “រ៉យ៉ាហាជ្ជី”​ នៅថ្ងៃព្រហស្បតិ៍​ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៤​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃព្រហស្បតិ៍​ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០២៣​ ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា : ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់​ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ​ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង ។

សម្តេចតេជោ សូមបងប្អូនខ្មែរឥស្លាម​ បន្តចូលរួមថែរក្សាសុខសន្តិភាព​ និងការអភិវឌ្ឍសង្គមជាតិ​ ដោយត្រូវរក្សានូវសុខដុនីយកម្មជាតិសាសន៍​ និងសាសនា​ និងសូមអញ្ជេីញទៅបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧​ ឱ្យបានគ្រប់ៗគ្នា​ នៅថ្ងៃអាទិត្យ​ ទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ៕

ដោយ ៖ សិលា


ចែករំលែក៖