ព័ត៌មានទាន់ហេតុការណ៍៖

សារពិសេសជាសំឡេង​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រកាសមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ នៅយប់ (៣០ មិថុនា ២០២៣)

ចែករំលែក៖

 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានប្រកាសថាគ្មានការបិទបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ពីប្រទេសកម្ពុជានោះទេ។

 សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា : ការវាយតម្លៃថាសម្ដេចនិងបិទ facebook ពីកម្ពុជាគឺជាការវាយតម្លៃដែលខុសឆ្គងមួយ។

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិល មិញនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានសម្រេចលុបទំព័រ facebook របស់សម្ដេចចេញដោយសារតែមានការអាខោនក្លែងក្លាយបន្លំច្រើន និងមានបញ្ហាច្រើនដែលត្រូវការពារ។ សម្ដេចតេជោលើកឡើងថា ការលុបចោលនេះក៏ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់ក្រុមហ៊ុន META ដែលចង់ផ្អាកទំព័រ facebook សម្ដេចរយៈពេល ៦ខែផងដែរ។

សម្ដេចបានបង្ហាញការមិនពេញចិត្តចំពោះក្រុមហ៊ុនមេត្តាដោយថាមានភាពលំអៀង ខណៈក្រុមប្រឆាំងបានប្រើប្រាស់ភាសាញុះញង់ ភាសាសង្គ្រាម និងប្រមាថដល់អង្គព្រះមហាក្សត្រ ក៏ប៉ុន្តែមិនត្រូវបានក្រុមហ៊ុននេះមានវិធានការនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ណាមួយដោយសារតែពេលនេះសម្ដេចបានប្រើប្រាស់ច្រើនទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដែលបានផ្ញើសារជូនប្រជាពលរដ្ឋនិងមតិយោបល់ផ្សេងៗរបស់សម្ដេច ដូច្នេះសម្ដេចមិនចាំបាច់ពឹងតែលើ facebook ទៀតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថា៖ «ហើយបណ្ដាញរបស់ខ្ញុំនេះ គ្មានហ្វេសប៊ុកណាមករករឿងខ្ញុំទៀតទេ។ ចាប់ពីថ្ងៃនេះទៅខ្ញុំមិនចាំបាច់គោរពនូវវិធានរបស់ហ្វេសប៊ុកនោះទេ។ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបានគេព្យូរ facebook សម្រាប់ខ្ញុំមិនចាំបាច់ឲ្យអ្នកណាមកព្យួរនោះទេ គឺខ្ញុំលុបចោលខ្លួនឯងដល់មិនចាំបាច់ឲ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុន facebook យកទៅពិចារណាថាគួរព្យួរឬមិនព្យួរ។ មានអីត្រូវព្យួរទៀតបើខ្ញុំអត់មានផង»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាមិនមានការបិទ facebook ពីកម្ពុជានោះទេខណៈដែលរដ្ឋអាចត្រឹមមានវិធានការមិនឲ្យមានអ្នកតំណាងក្រុមហ៊ុននេះនៅក្នុងស្រុកតែប៉ុណ្ណោះ។

ក្នុងពេលជាមួយគ្នានោះ សម្ដេចបានផ្ដាំទៅក្រុមប្រឆាំងថា ពួកគេមិនទាន់យល់ និងស្គាល់ពីសម្ដេចតេជោច្បាស់ទេដែលមិនអាចធ្វើអ្វីឲ្យប៉ះពាល់ទៅដល់សម្ដេចបាន។

សម្ដេចដឹងថាក្រុមប្រឆាំងពិតជាឆ្លៀតឱកាសយករឿងនេះដើម្បីឲ្យប្រជាជនមានការថ្នាំថ្នាក់ជាមួយនឹងសម្ដេច ក៏ប៉ុន្ដែសម្ដេចបានយល់នឹងស្គាល់ពីតម្រូវការរបស់ប្រជាជន ខណៈក្រុមប្រឆាំងមិនអាចពិចារណាឬយល់អំពីសម្ដេចបាននោះទេទើបក្រុមនេះមិនអាចនឹងឈានជើងចូលកម្ពុជាបាន។

សូមរំលឹកថា : សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបផេក facebook ដែលមានអ្នកតាមដានជាង ១៤លាននាក់ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ ។ 

 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានប្រកាសលុបផេក facebook ដែលមានអ្នកតាមដានជាង ១៤លាននាក់ ចាប់ពីថ្ងៃនេះតទៅដោយថា មានការក្លែងបន្លំគណនេយ្យរបស់សម្ដេចច្រើន ខណៈដែលសម្ដេចងាកទៅប្រើប្រាស់ការផ្សព្វផ្សាយតាម channel telegram វិញ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Channel Telegram របស់សម្ដេចនាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា៖ «ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលប់ឈ្មោះខ្ញុំចេញពីបញ្ជី Facebook»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏សូមការយោគយល់ពីអ្នករាប់អានសម្ដេចតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល telegram របស់សម្ដេចវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់តាមរយៈតេឡេក្រាមវិញ។

ជាមួយគ្នានោះសម្ដេចក៏បានបង្កើតគណនី TikTok ថ្មីនិងមានមនុស្ស២នាក់យកឈ្មោះសម្ដេចទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង ៣០មុឺននាក់ ចូលចិត្តជាង ៤លាននាក់ ឯមួយទៀតមានអ្នកតាម ១លាន ២សែននាក់ និងអ្នកចូលចិត្តជាង ១២លាននាក់។

សម្ដេចបញ្ជាក់ថា ចាប់ពីពេលនេះ Facebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់។

សូមបញ្ជាក់ថា :  សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ដល់បង្កើតនៅ tik tok ដាក់ឈ្មោះ សម្តេច ដែលមានអ្នកចូលរួម ជាង 30 ម៉ឺននាក់ ហើយនិងអ្នកចូលចិត្ត ជាង 4 លាននាក់ មកចូលរួមការងារ ជាជំនួយការឱ្យសម្តេចលើ បណ្ដាញឌីជីថល ។

សូមជម្រាបជូនថា : នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចព្រះតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចេញសារអំពាវនាមួយជាបន្ទាន់ ក្នុងនោះសម្ដេចមានប្រសាសន៍ថា : បងប្អូនជនរួមជាតិជាទីស្រឡាញ់  ! ខ្ញុំទើបនឹងបង្កើតគណនី tik tok នៅយប់មិញនេះ , ហើយក៏ទើបមានអ្នកមកចូលរួម ចំនួនជាង ១មុឺន នាក់ ក្នុងពេលជាមួយគ្នា ខ្ញុំបានពិនិត្យឃើញ មានអ្នកប្រើឈ្មោះរបស់ខ្ញុំ បង្កើតនៅ tik tok ដែលមានអ្នកចូលរួម ជាង 30 ម៉ឺននាក់ ហើយនិងអ្នកចូលចិត្ត ជាង 4 លាននាក់ ។ សម្ដេចបានបន្តថា, ខ្ញុំសូមអំពាវនាវអ្នកដែលបាន ប្រើឈ្មោះខ្ញុំដើម្បីបង្កើត នូវ tik tok កន្លងទៅនេះ ខ្ញុំគិតថាអ្នកដែលបានបង្កើតនេះ គ្មានចេតនាអាក្រក់ណាមួយ ចំពោះខ្ញុំទេ ដោយសារការបង្ហោះទាំងនោះ វាទាក់ទិនទៅនឹងសកម្មភាពរបស់ខ្ញុំ។ សម្ដេចបានថ្លែងទៀតថា, ខ្ញុំចង់បាននូវ គណៈនីនេះ

យកមកប្រើប្រាស់បន្ត តាមរយៈចំនួនដែលបានមកចូលរួម និងចំនួនដែលចូលចិត្ត ហើយបន្តសកម្មភាពនេះតទៅទៀត។ 

សម្ដេចមានប្រសាសន៍លើកឡើងថា, ដូច្នេះខ្ញុំចង់ឲ្យអ្នកដែលបាន ធ្វើកិច្ចការងារនេះ ចេញមុខមក ហើយធ្វើទំនាក់ទំនង ជាមួយនឹងជំនួយការរបស់ខ្ញុំ ដែលជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ដួងតារា ។ ខ្ញុំសូមជម្រាបថា, ខ្ញុំមិនគ្រាន់តែ មិនស្ដីបន្ទោសទេ តែខ្ញុំសូមកោតសរសើរ ហើយខ្ញុំនឹងផ្ដល់ការងារជា ជំនួយការរបស់ខ្ញុំ ដើម្បីជួយគ្រប់គ្រងទៅលើបញ្ហា បណ្ដាញឌីជីថល  បណ្ដាញសង្គមឌីជីថល មួយនេះថែមទៀត។ សម្ដេចបានបន្តថា, ដូច្នេះបើសិនឮការអំពាវនាវនេះហើយ សូមអ្នកដែលបានបង្កើត គណនី tik tok របស់ខ្ញុំនេះ ចេញមកដើម្បីចូលរួមជាមួយគ្នា ហើយខ្ញុំអាចបញ្ឈប់ ! នូវអាខោន tik tok ថ្មីរបស់ខ្ញុំ និងបន្តប្រើប្រាស់ អាខោន tik tok ចាស់ ដែលមានឈ្មោះខ្ញុំ ដោយសារតែមានឈ្មោះខ្ញុំនោះហើយ ទើបមានចំនួនអ្នកមកចូលរួម អ្នកចូលចិត្តចំនួនច្រើន ! ដូច្នេះខ្ញុំចង់យកមូលដ្ឋាននេះដើម្បី ចេញដំណើរ ជាបន្តទៀត ដោយសារតែបានបង្ហោះនូវរូបភាពរបស់ខ្ញុំ តាំងពីដើមរហូតមកដល់ពេលនេះ គឺមានចំនួនច្រើនណាស់ហើយ យើងអាចចាប់ផ្ដើមថ្មីបាន ក៏ប៉ុន្តែ យើងស្ដាយនូវអ្វីដែលជាសកម្មភាពរបស់យើង ត្រូវបានបង្ហោះ ហើយមានចរិកមិន បំផ្លាញខ្ញុំនោះឡើយ។ ខ្ញុំសូមអរគុណចំពោះ អ្នកដែលបានយកឈ្មោះខ្ញុំទៅបង្កើត ហើយសុំចេញមក ទទួលយកការងារ ជាជំនួយការរបស់ខ្ញុំ ដើម្បីបន្តគ្រប់គ្រង ជួយគ្រប់គ្រងទៅលើគណនី មួយនេះ ហើយយើងអាចរៀបចំជាមួយគ្នា ទៅលើដំណើរការទៅមុខ សូមទាក់ទងទៅឯកឧត្តម ដួងតារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាអ្នកគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់ខ្ញុំ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖