ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់សន្តិសុខនិងអ្នកធ្វើដំណើរបន្ទាប់ពីមានអគ្គិភ័យឆាបឆេះអគាររោងចក្រហាយផាក មានទីតាំងនៅខាងលិចផ្សារជីភូក្រុងបាវិត សមត្ថកិច្ចកំពុងបាញ់ទឹកពន្លត់ខណៈមិនទាន់ដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីក្បាលព្រលប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣ ស្ថិតនៅអគាររោងចក្រហាយផាក មានទីតាំងនៅខាងលិចផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីការឆាបឆេះអគាររោងចក្រហាយផាក មានទីតាំងនៅខាងលិចផ្សារជីភូក្រុងបាវិត លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជេីញដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់នៅកន្លែងកេីតហេតុដេីម្បីដឹកនាំបញ្ជាក្នុងការបាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះ ចំពោះករណីនេះមិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ ហេីយគិតមកដល់ម៉ោង៨៖២០នាទីយប់នេះ កិច្ចអន្តរាគមន៍បាញ់ពន្លត់អណ្តាតភ្លេីងដែលនៅសេសសល់ និងបន្តអោយរលត់ទាំងស្រុងនៅយប់នេះ។
ប្រភពបន្តថា ប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ ៕
ដោយ៖ សុថាន