ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករ​ណីលួចមានស្ថានទម្ងន់​ទោ​ស​(ឆក់ទូរស័ព្ទ) នៅឃុំបិត​ត្រាំង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​ព្រៃ​នប់​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​បាន​មុខសញ្ញា​ចោរឆក់ទូរស័ព្ទដៃយ៉ាងសកម្មម្នាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

របាយការណ៍ដដែល​បន្តថា​ កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង១៧​ និង៣០នាទីមានករណីលួចមានស្ថានទម្ងន់​ទោ​ស(ឆក់ទូរស័ព្ទដៃ)០១​កើត​ឡើង​ បង្កដោយជនសង្ស័យម្នាក់ឈ្មោះ យុិន ឌីណា ភេទ ប្រុស អាយុ២៥ ឆ្នាំមុខរបរ​មិនពិតប្រាកដ មានទីលំ​នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ។​ 

សូមជម្រាបថា​ ជនសង្ស័យខាងលើបានធ្វើ​សកម្ម​ភាព​ជិះម៉ូតូ០១គ្រឿង​ទៅឆក់ទូរស័ព្ទដៃម៉ាក iphone ១១ ពណ៌ផ្ទៃមេឃ ពីជនរងគ្រោះឈ្មោះ ឈិត សុវណ្ណរស្មី ភេទស្រីអាយុ១៥ឆ្នាំមុខរបរ​សិស្ស មានទីលំ​នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ​។

ក្រោយពី​ធ្វើ​សក​ម្មភាព​រួចជនសង្ស័យបានរត់​គេចខ្លួនបាត់ បន្ទាប់​ពីបានទទួលព័ត៌មានរួច​កម្លាំង​ជំនា​ញ​នគរបាលស្រុកព្រៃនប់ បា​នសហការជាមួយ​កម្លាំងប៉ុស្តិ៍​បិតត្រាំង បានធ្វើ​ការស្រាវជ្រាវ​ កំណត់​មុខសញ្ញា​និងឃាត់​ខ្លួន​ជនសង្ស័យ​ ខណៈពេលជន​សង្ស័យ​បានយកទូរស័ព្ទយកទៅបុកប្រូហ្គាមនៅ​កន្លែង​លក់ទិញទូរស័ព្ទមួយកន្លែង។

​​វត្តុតាងដកហូតរួមមាន៖​ ១.ម៉ូតូ០១គ្រឿងម៉ាកBeat ពណ៌ក្រហម+ស ពាក់ផ្លាកលេខភ្នំពេញ1JP-3376(ជាមធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​របស់ជនសង្ស័យ)។ ២.ទូរស័ព្ទដៃ០១គ្រឿងម៉ាក iphone ១១ពណ៌ផ្ទៃមេឃ​(ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង នគរបាលបានធ្វើការឃាត់ខ្លួន​នៅអធិកាដ្ឋាន​នគរ​បាលស្រុកព្រៃនប់ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

ដោយ ៖ អរុណរះ


ចែករំលែក៖