ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជិត១០នាក់ដោយការបាញ់ប្រហារនៅទីក្រុង Philadelphia

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប៉ូលិសនៅក្នុងសហរដ្ឋអាមេរិកបានឱ្យដឹងថាមនុស្ស៤នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងទីក្រុង Philadelphia ខណៈដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។
អ្នកនាំពាក្យម្នាក់មកពីនាយកដ្ឋានប៉ូលិសក្នុងទីក្រុង Philadelphia បានបញ្ជាក់ប្រាប់ Reuters តាមរយៈសារអេឡិចត្រូនិក (email) ថា មានជនរងគ្រោះជាច្រើននាក់ក្នុងករណីបាញ់ប្រហារ ប៉ុន្តែភា្លមៗមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ចំណែក ខាងប៉ូលិសបានឱ្យដឹងថាជនសង្ស័យជាបុរសម្នាក់ពាក់អាវការពារគ្រាប់ត្រូវបានចាប់ខ្លួនហើយកាំភ្លើងវែងនិងកាំភ្លើងខ្លីមួយដើមត្រូវបានរកឃើញនៅឯច្រកផ្លូវមួយកន្លែង។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ដោយផ្អែកលើការស្រង់សម្ដីពីប៉ូលិសក្នុងទីក្រុង Philadelphia បានរាយការណ៍ថា មនុស្ស ៤នាក់ត្រូវបានសម្លាប់និង៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារខាងលើ។

ហេតុការណ៍បាញ់ប្រហារនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ២នាក់ត្រូវបានខ្មាន់កំាភ្លើងម្នាក់បាញ់សម្លាប់ និងមនុស្ស២៨នាក់ផ្សេងទៀតរងរបួស ក្នុងការបាញ់ប្រហារនៅឯទីក្រុង Baltimore នៃរដ្ឋ Maryland៕ ដោយ៖ ធីរីណា

រូប​ថត​៖  TTXVN-VNA


ចែករំលែក៖