ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកព្រៃនប់ បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបានមុខសញ្ញាចោរឆក់ទូរស័ព្ទដៃយ៉ាងសកម្មម្នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង១៧ និង៣០នាទីមានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)០១កើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ យុិន ឌីណា ភេទ ប្រុស អាយុ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមជម្រាបថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿងទៅឆក់ទូរស័ព្ទដៃម៉ាក iphone ១១ ពណ៌ផ្ទៃមេឃ ពីជនរងគ្រោះឈ្មោះ ឈិត សុវណ្ណរស្មី ភេទស្រីអាយុ១៥ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ បន្ទាប់ពីបានទទួលព័ត៌មានរួចកម្លាំងជំនាញនគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្តិ៍បិតត្រាំង បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ខណៈពេលជនសង្ស័យបានយកទូរស័ព្ទយកទៅបុកប្រូហ្គាមនៅកន្លែងលក់ទិញទូរស័ព្ទមួយកន្លែង។
វត្តុតាងដកហូតរួមមាន៖ ១.ម៉ូតូ០១គ្រឿងម៉ាកBeat ពណ៌ក្រហម+ស ពាក់ផ្លាកលេខភ្នំពេញ1JP-3376(ជាមធ្យោបាយប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ)។ ២.ទូរស័ព្ទដៃ០១គ្រឿងម៉ាក iphone ១១ពណ៌ផ្ទៃមេឃ(ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង នគរបាលបានធ្វើការឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ ៖ អរុណរះ