ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមមុខឃ្លាំងមួយកន្លែង ខណៈដែលជិះកង់ហើយត្រូវបានជនដៃដល់យករបស់រឹងវាយសន្ធាប់ បណ្តាលឱ្យដេកដួល ហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។
តាមការឱ្យដឹងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ សាំង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ រស់នៅក្នុងភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា មានបុរសម្នាក់ ប្រទះឃើញបុរសម្នាក់ ទៀត( សាកសព )បានដេកស្លាប់នៅក្នុងថ្លុកឈាម នៅចំណុចផ្លូវបេតុងមុខឃ្លាំងរបស់ឈ្មោះ រ៉េត ស៊ីនឿន ភេទប្រុស ស្ថិតនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
បើតាមនគរបាលស្រុកគងពិសីបាននិយាយបន្តទៀតថា កាលពីវេលាម៉ោង១១និង ១០ នាទីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ) រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី បានមកនិយាយប្រាប់ឈ្មោះ ទ្រី វីបុន ភេទប្រុស អាយុ៣១ឆ្នាំ ថាមានមនុស្សដេកស្លាប់នៅលើផ្លូវបេតុងភូមិ /ឃុំខាងលើ រួចហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុច្បាស់លាស់។
នគរបាលស្រុកគងពិសីបានបញ្ជាក់ទៀតថា បើតាមការបំភ្លឺពីឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ)ប្រាប់ថា នៅមុនពេលកើតហេតុរូបខ្លួនកំពុងជក់ថ្នាំញៀនជាមួយឈ្មោះ យ៉ន ខៃ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលជក់ថ្នាំញៀនរួចរាល់ហើយ ក៏មានទំនាស់ពាក្យសំដីជាមួយ ឈ្មោះ ខៃ នោះ។ ក្រោយទាស់ពាក្យសំដីហើយ ឈ្មោះ ខៃ ក៏ដើរចេញទៅបាត់ លុះបានមួយសន្ទុះក្រោយមកឃើញឈ្មោះ សាំង ចំរើន ជនរងគ្រោះ (សព) បានជិះកង់ចូលមកក្នុងឃ្លាំង ហើយបានសុំជក់ថ្នាំញៀនជាមួយខ្លួនដែរ ។ ក្រោយមកជនរងគ្រោះបានប្រាប់ថាសុំទៅទិញបារី ហើយឈ្មោះ តាក ឈុន បានប្រាប់ថា បើចេញទៅចាក់សោរទ្វារឲ្យផង (ខ្លាចអា ខៃ ) វាមករករឿង។
គ្រាន់តែជនរងគ្រោះជិះកង់ចេញទៅភ្លាមៗនោះ ឈ្មោះ តាក ឈុន បានឮសូរសំឡេង ស្រែកអូយៗ ខ្ញុំងាកមើលឃើញជនរងគ្រោះឈ្មោះ សាំង ចំរើន ដេកដួលហូរឈាមលើផ្លូវខាងមុខឃ្លាំងបាត់ទៅហើយ។ ពេលរត់ចេញទៅមើលឃើញឈ្មោះ ខៃ ភេទ ប្រុស អាយុ ២៤ឆ្នាំ ដើរចេញពីកន្លែងកើតហេតុ ទៅទិស ខាងត្បូងបាត់ទៅ។
នគរបាលស្រុកគងពិសីបានបន្ថែមទៀតថា ក្រោយចុះពិនិត្យនៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវបេតុងក្នុងភូមិ/ឃុំ ខាងលិចចិញ្ចើមផ្លូវផ្នែកខាងកើតចម្ងាយប្រមាណ២ម៉ែត្រ ឃើញមានកង់មួយពណ៌ខ្មៅ ទូកស្រី ដួលមកខាង លិចទិសដៅទៅខាងត្បូងនិងឃើញមានសាកសពបុរសម្នាក់ដេកផ្កាប់មុខក្បាលទៅទិសខាងលិច ងាកមុខមកត្បូងដៃស្ដាំបត់ដាក់ក្រោមទ្រូង ហើយពាក់អាវក្រណាត់ដៃវែងពណ៌ខ្មៅ ស្លៀកខោត្រឹមជង្គង់ពណ៌ខ្មៅ ផ្ទៃមុខមានប្រឡាក់ឈាម ម្រាមកូនដៃស្ដាំឃើញមានជាប់កូនសោទ្វារមួយផង។ មានស្នាមជាំប៉ោងខ្មៅភ្នែកឆ្វេង ស្នាមរបួស ក្រោមចុងភ្នែកឆ្វេង ស្នាមជាំ កឆ្វេងក្រោមត្រចៀកដល់ថ្ពាល់ (បាក់ឆ្អឹង)។ ស្នាមជាំកោស ថ្ពាល់ស្ដាំដល់ជើងសក់។
តាមការសន្និដ្ឋានរបស់ជំនាញ ដែលចុះទៅស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ សពជនរងគ្រោះ ស្លាប់ដោយសារត្រូវនឹងវត្ថុរឹងវាយចំក្រោមចុងភ្នែកឆ្វេងនិងកខាងឆ្វេងបណ្តាលឲ្យបាក់ឆ្អឹងកងកនិងផ្គាម ជាករណីឃាតកម្ម។
ក្រោយពេលពិនិត្យចប់សព្វគ្រប់ហើយនគរបាលជំនាញ បានប្រគល់សពជនរង គ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
ដោយឡែកជនដៃដល់ សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា