ព័ត៌មានទាន់ហេតុការណ៍៖

(គ.ជ.ប) ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីប្រាំបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងមានអំពើ ហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្ថានភាពទូទៅថ្ងៃទីប្រាំបី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ជាក់ថា : ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនា បោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៧ បានហែក្បួនឃោសនា។

នៅថ្ងៃទីប្រាំបីនេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោត ចំនួន ៦ គឺនៅមណ្ឌលខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ និងមណ្ឌលខេត្តកំពង់ចាម។ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តកណ្តាល។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែរតែមួយ ហែក្បួនឃោសនានៅ មណ្ឌលខេត្តកណ្តាល។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ។

ក្រៅពីគណបក្សនយោបាយទាំង ៧ ខាងលើ គណបក្សនយោបាយ ចំនួន ៥ ផ្សេងទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឯកភាពជាតិខ្មែរ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្ស ធម្មាធិបតេយ្យ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទ ខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្ត្រី សម្តែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីប្រាំបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងមានអំពើ ហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីត្រីកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ 

ដោយ ៖ សិលា


ចែករំលែក៖