ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៦នាក់ដោយការធ្លាក់យន្តហោះនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ នេះបាលផ្សាយថា មនុស្សទាំង ៦នាក់ដែលជិះនៅលើយន្ដហោះខ្នាតតូចមួយគ្រឿងបានស្លាប់ទាំងអស់ នៅពេលដែលយន្ដហោះរបស់ពួកគេបានធ្លាក់និងផ្ទុះឆេះនៅឯទីវាលមួយកន្លែងស្ថិតនៅជិតអាកាសយានដ្ឋានមួយ ក្បែរទីក្រុង Los Angeles កាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងក្នុងតំបន់)។
បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា យន្ដហោះខ្នាតតូចខាងលើគឺជាយន្ដហោះឯកជនប្រភេទ Cessna C550 បានធ្វើដំណើរចាកចេញពីទីក្រុង Las Vegas និងបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន French Valley ក្នុងតំបន់ Riverside County ដែលស្ថិតនៅចម្ងាយ១៣៧គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Los Angeles នៅម៉ោងប្រហែល ៤ៈ១៥នាទីទៀបភ្លឺ។ ចំណែកអ្នកដំណើរនិងពីឡុតដែលបានស្លាប់ត្រូវបានគេរាយការណ៍ថាសុទ្ធសឹងជាមនុស្សពេញវ័យ ហើយមូលហេតុធ្លាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ យន្ដហោះខ្នាតតូចមួយគ្រឿងមានកៅអីសម្រាប់មនុស្ស៤នាក់ក៏បានធ្លាក់នៅក្បែរអាកាសយានដ្ឋានខាងលើផងដែរ ដោយបានសម្លាប់ពីឡុតម្នាក់ និងធ្វើឱ្យអ្នកដំណើរ ៣នាក់ផ្សេងទៀតជាក្មេងជំទង់បានរងរបួស៕ ដោយ៖ ធីរីណា

រូប​ថត​៖ quochoitv.vn


ចែករំលែក៖