ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនប្រើល្បិចឆបោកប្រាក់តាមហ្វេសប៊ុកករណីគ្រោះថ្នាក់ចរាចរណ៍ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនទុច្ចរិត ដែលប្រើល្បិចដដែលៗឆបោកតាមរយៈហ្វេសប៊ុកក្រោមរូបភាពធ្វើជាគ្រោះថ្នាក់ចរាចរណ៍ដោយលួងលោមទារប្រាក់ពីជនរងគ្រោះ ។ 

   ដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរជាអ្នកបើកបរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ (មាន២សំណុំរឿង និងដីកាបង្គាប់ឱ្យឃុំខ្លួនក៏២ដែរ) ដែលបទល្មើសមានចែងតាមបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ 

    សូមជម្រាបថា ជនត្រូវចោទត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជនសង្ស័យបានធ្វើសកម្មភាពបោកប្រាស់ស្ត្រីវ័យចំណាស់ម្នាក់តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសំឡេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឱ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោក៏ប្រឹងរកប្រាក់វេរឲ្យជនសង្ស័យភ្លាមៗតែម្តង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖